(ភ្នំពេញ)៖ រថយន្តស៊េរីទំនើប BMW បួងចង្កូតមិនទាន់ជ្រុលបុករបងវិទ្យាស្ថានជាតិអប់រំបណ្ដាលឲ្យរថយន្ដនិងរបងវិទ្យាស្ថានរងការខូច ខាត ខ្ទេច យ៉ាងដំណំ រីឯអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣៖១០នាទីយប់ ចូលថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តមសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក BMW640I ពាក់ស្លាកលេខ ភ្នំពេញ2BD-0708 ពណ៌សូកូឡា បើកបរតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏បួងចង្កូតមិនទាន់ជ្រុលបុករបងវិទ្យាស្ថានជាតិអប់រំ បណ្ដាលឲ្យរថយន្ដរងការខូចខាតផ្នែកខាងមុខ ចំណែកឯរបងវិទ្យាស្ថានជាតិអប់រំរងការខូចខាតទ្វារ និងបាក់បង្គោលថ្មមួយដើមយ៉ាងដំណំ។ ចំណែកឯអ្នកបើកបររថយន្ដស៊េរីទំនើបខាងលើបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុរួចទាក់ទងទៅ សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តខាងលើទៅដោះស្រាយទៅតាមផ្លូវច្បាប់៕