(ភ្នំពេញ)៖ សមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងសមាគមអ្នកទីផ្សារបណ្តាញកម្ពុជា ដែលមានលោក ឡី សុភាព ជាប្រធាន បានបង្កាញការគាំទ្រចំពោះក្រុមហ៊ុន NSZ World ដែលបាននិងកំពុងចូលរួមបណ្ដុះបណ្ដាលយុវជនឲ្យចេះធ្វើអាជីវកម្មទីផ្សារបណ្តាញ និងជួយរកការងារធ្វើជូនសិក្ខាកាមដែលបញ្ចប់ការសិក្សារួច ស្របតាមទស្សនទាន «បុគ្គលម្នាក់ ជំនាញមួយ» និង «អាជីវកម្មមួយ ស្តង់ដាមួយ»។

ក្រុមហ៊ុន NSZ World ជាក្រុមហ៊ុនស្របច្បាប់មួយដែលមានការនាំចូល និងចែកចាយ ផលិតផលថែទាំសុខភាព និងសម្ផសជាប្រភេទគ្រីមលាប និងជាក្រុមហ៊ុនមួយដែល ជួយបណ្ដុះបណ្ដាលយុវជនឲ្យចេះធ្វើអាជីវកម្មទីផ្សារបណ្តាញ ដើម្បីឲ្យយុវជនមានការងារ និងមុខរបរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន NSZ WORLD បានបើកដំណើរការចាប់ពី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ហើយបានបើកវគ្គបំពាក់បំប៉នធំដល់សមាជិកទូទៅចំនួន ៣លើក ហើយលើកទី៣នេះមានសមាជិក និងសិក្ខាកាមចូលរួមប្រមាណ ៥០០នាក់ ព្រមទាំងគ្រូបង្គោលប្រមាណជិត ១០០នាក់ផងដែរ។

លោក ឡី សុភាព បានពាំនាំនូវការគាំទ្រពីថ្នាក់ដឹកនាំ សមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងសមាគមអ្នកទីផ្សារបណ្តាញកម្ពុជា បង្ហាញប្រាប់ក្រុមហ៊ុន NSZ World និងអំពាវនាវឱ្យក្រុមហ៊ុននេះប្រឹងប្រែងបន្តការចូលរួមបណ្ដុះបណ្ដាលយុវជនបន្ថែមទៀត។

លោក ឡី សុភាព ក៏បានបង្ហាញការគាំទ្រចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់នូវសុខសន្តិភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋទទួលបានការសិក្សា ការងារ និងមុខរបរ ហើយសូមសំណូមពរដល់ក្រុមហ៊ុនទាំងអស់ ត្រូវគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល និងគ្រប់ស្ថាប័នដែលពាក់ព័ន្ធឲ្យបានល្អ៕