(អាហ្វ្រិក)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសភាពអាសន្នពីការផ្ទុះឡើងនូវវីរុស Ebola ក្នុងសាធារណប្រជាធិបតេយ្យកុងហ្គោ ជាមួយការចាត់ទុកវាគឺជាបញ្ហាអន្តរជាតិ ផ្នែកសុខាភិបាលសាធារណៈ។ ការប្រកាសអាសន្ននេះធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ នៅថ្ងៃពុធសប្ដាហ៍នេះ ហើយក៏ជាកិច្ចប្រជុំលើកទីបួនរបស់គណៈកម្មធិការសង្រ្គោះបន្ទាន់នៃអង្គការ WHO ចាប់តាំងពីឆ្នាំ២០១៨ ផងដែរ។

Ebola គឺជាវីរុសដ៏សាហាវដែលបានផ្ទុះឡើងខ្លាំងបំផុត នៅក្នុងតំបន់អាហ្វិ្រកកាលពីឆ្នាំ២០១៤ ដោយផ្ដាច់ជីវិតមនុស្សជាង ១១,០០០នាក់ ក្នុងនោះមាន ១៦៩៨នាក់ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឬហៅកាត់ថា (DRC)។

* Ebola ផ្ទុះឡើងជាថ្មីយ៉ាងដូចម្ដេច?

ការប្រកាសភាពអាសន្នពីការផ្ទុះឡើងជាថ្មីនូវវីរុស Ebola ក្នុងសាធារណប្រជាធិបតេយ្យ កុងហ្គោពីសំណាក់ WHO ធ្វើឡើងបន្ទាប់ពីអាចារ្យគ្រឹស្ដម្នាក់ បានជិះរថយន្ដក្រុងមួយគ្រឿង នាពេលថ្មីៗនេះ ឆ្ពោះទៅកាន់ទីក្រុង Goma មានមនុស្សជាង២លាននាក់រស់នៅ និងជាទីក្រុង ដែលភ្ជាប់ព្រំដែនរវាងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសរ៉ាដ្វាន់ដា។

ក្រោយមកទៀត អាចារ្យគ្រឹស្ដរូបនេះ ត្រូវបានគេបញ្ជាក់ថា ស្លាប់ដោយសារវីរុស Ebola ខណៈ អង្គការ WHO ប៉ាន់ប្រមាណថាមនុស្ស ១៥,០០០នាក់ តែងតែឆ្លងកាត់ទីក្រុង Goma និងប្រទេសរ៉ាដ្វាន់ដា។ ដូច្នេះហើយទើបអង្គការនេះ ព្រួយបារម្ភពីការរីករាលដាលនៃវីរុស ដ៏កំណាចមួយនេះ ជាពិសេសគឺក្រោយពេល ស្ត្រីម្នាក់ទៀតដែលធ្វើដំណើរចេញពីសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ ទៅកាន់ប្រទេស Uganda ត្រូវបានគេរកឃើញថា មានផ្ទុក Ebola ដូចគ្នាកាលពីសប្ដាហ៍មុន។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថា តើការផ្ទុះឡើងជាថ្មីនៃវីរុស Ebola កើតឡើងនៅទីក្រុង Goma ឬក៏ចេញពី Uganda នោះទេ។

* សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និយាយអ្វីខ្លះ?

រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) លោក Oly Ilunga បានបង្ហាញក្ដីព្រួយបារម្ភជាខ្លាំងចំពោះការសម្រេចចិត្ត ប្រកាសអាសន្នរបស់ WHO ដោយខ្លាចវា ប៉ះពាល់ជាអវិជ្ជមានដល់សហគមន៍នានានៅក្នុងប្រទេស។ លោក Ilunga បានបន្ថែមដូច្នេះថា៖ «ខ្ញុំសង្ឃឹមថាការសម្រេចចិត្តនេះ មិនមែនកើតឡើងចេញពីសម្ពាធម្ចាស់ជំនួយដែលចង់ប្រើ ការសម្រេចចិត្តនេះ ជាឱកាសក្នុងការបង្កើនមូលនិធិសម្រាប់កិច្ចការ មនុស្សធម៌នោះឡើយ ...ដ្បិតថា វាអាចនឹងផ្ដល់ផលអវិជ្ជមានដល់សហគមន៍ និងប្រជាជន ដែលអាស្រ័យលើការធ្វើ ជំនួញឆ្លងកាត់ព្រំដែន»។

យ៉ាងណាក៏ដោយ WHO បានអះអាងថា ការប្រកាសភាពអាសន្ននៃវីរុស Ebola មិនមែនដើម្បី រៃអង្គាសប្រាក់ជាដាច់ខាត។ តែវាជាការបង្កកុំឱ្យវីរុសនេះរីកសាយកាន់តែធំប៉ុណ្ណោះ ហើយ ម្យ៉ាងវិញអង្គការអន្តរជាតិមួយនេះ ក៏មិនបានផ្ដល់យោបល់ឱ្យប្រទេសដទៃបិទព្រំដែនជាមួយ កុងហ្គោនោះដែរ។

* វិបត្តិស្មុគស្មាញ

ដំណុចស្មុគស្មាញដ៏សំខាន់មួយនៃការផ្ទុះឡើងនៃវីរុស Ebola លើកចុងក្រោយនៅតំបន់អាហ្វ្រិក ខាងលិច កាលពីឆ្នាំ២០១៤ នោះគឺការប្រើប្រាស់វ៉ាក់សាំងបង្កា។ អង្គការ WHO នៅថ្ងៃពុធ សប្ដាហ៍នេះ បានឱ្យដឹងថា ការផ្គត់ផ្គង់វ៉ាក់សាំងមិនមានគ្រប់គ្រាន់ឡើយ បើទោះជារដ្ឋមន្ត្រី សុខាភិបាល DRC លោក Illunga អះអាងថា វ៉ាក់សាំងផលិតដោយក្រុមហ៊ុន Merck មានគ្រប់គ្រាន់ក៏ដោយ។

តែអ្វីដែលសំខាន់នោះគឺ លោក Illunga មិនបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Ebola ដទៃ ទៀតនៅក្នុងប្រទេសឡើយ ដោយសារតែហានិភ័យនៃការយល់ច្រឡំ និងបញ្ហាទំនាក់ទំនង។

លោក Illunga សង្កត់ធ្ងន់ទៀតថា វ៉ាក់សាំងផលិតដោយក្រុមហ៊ុន Merck គឺជាវ៉ាក់សាំងតែមួយ គត់ដែលមានប្រសិទ្ធិភាពខ្ពស់ ខណៈក្រុមអ្នកជំនាញ WHO បានផ្ដល់អនុសាសន៍ កាលពីខែឧសភាកន្លងទៅថា វ៉ាក់សាំងថ្មីឈ្មោះ Johnson & Johnson ក៏មានប្រសិទ្ធិភាពល្អដែរ។

* អ្នកជំនាញនិយាយអ្វីខ្លះ?

ក្រុមអ្នកជំនាញជាច្រើន ស្វាគមន៍ការសម្រេចចិត្តប្រកាសភាពអាសន្នរបស់ WHO។ នេះបើតាម នាយកមជ្ឈមណ្ឌលសម្រាប់វិទ្យាសាស្ត្រសុខាភិបាលសកល និងសន្តិសុខ នៃសាកលវិទ្យាល័យ Georgetown មានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោកស្រី Rebecca Katz។ លោកស្រី បញ្ជាក់ដូច្នេះថា ៖«ក្រុមអ្នកជំនាញគោលនយោបាយ និងច្បាប់អន្តរជាតិ ស្ទើតែទាំងអស់ បានគាំទ្រលក្ខខណ្ឌនៃការសម្រេចចិត្តរបស់ WHO ក្នុងការប្រកាសពីភាពអាសន្ននៃវីរុស Ebola ជាការព្រួយបារម្ភអន្តរជាតិ....ហើយយើងពិតជាយល់ស្របលើការសម្រេចចិត្តនេះ»។

គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើរបស់ WHO គឺជារឿងដ៏កម្រមួយដោយការប្រកាសអាសន្ន ជាលក្ខណៈសកលបែបនេះ កើតឡើងតែបួនលើកប៉ុណ្ណោះ គឺជំងឺផ្ដាសាយជ្រូក ឆ្នាំ២០០៩ ជំងឺស្វិតដៃជើង ឆ្នាំ២០១៤, Ebola ឆ្នាំ២០១៤ និង Zika ឆ្នាំ២០១៥៕