(ភ្នំពេញ) នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ស្អែកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផលការងារ យុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ ឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តបន្ត។ ក្នុងពិធីនៅថ្ងៃស្អែកនេះ ក៏មានការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាផងដែរ។

ក្នុងពិធីដ៏មហោឡារឹកអធិកអធមនៅថ្ងៃស្អែកនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា, ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ប្រធានកាយរឹទ្ធិជាតិកម្ពុជា, ថ្នាក់ដឹកនាំជាន់ខ្ពស់កាកបាទក្រហមកម្ពុជា, ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហមប្រចាំកម្ពុជា, អ្នកសម្របសម្រួលកម្មវិធីរបស់សហព័ន្ធប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកាកបាទក្រហកម្ពុជាមកពីតាមសាខានានា ភ្ញៀវកិត្តិយស និងយុវជនកាកបាទក្រហមជាច្រើនរូបផ្សេងទៀត។

សូមបញ្ជាក់ថា យុវជនកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ បានបង្កើតឡើងនៅឆ្នាំ២០០៤ ដែលមានយុវជនប្រមាណ ៨៦០នាក់ (នារី ៣៩៩នាក់) នៅវិទ្យាល័យចំនួន០៤ គឺ៖ វិទ្យាល័យបាក់ទូក, វិទ្យាល័យឥន្ទ្រទេវី, វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក និងវិទ្យាល័យវត្តកោះ។ នៅក្នុងឆ្នាំ២០១៩ នេះ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានពង្រីកសមាជិកយុវជនថ្មីចំនួន ៣,០០០នាក់ មកពី ២៧វិទ្យាល័យគោលដៅ ដែលជារួមបច្ចុប្បន្នមានយុវជនសរុបប្រមាណ ៤,០៤២ នាក់ (នារី ២.០៥០នាក់)។

យុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ បានបំពេញការងារយ៉ាងសកម្ម ដើម្បីជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយមហន្តរាយផ្សេងៗ ក្នុងន័យផ្សារភ្ជាប់មនោសញ្ចេតនា រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ គ្រប់ទីកន្លែង គ្រប់កាលៈទេសៈ តាមរយៈការធ្វើសកម្មភាពជាប់ជាប្រចាំដូចភ្លៀងរលឹម៕