(កំពង់ស្ពឺ)៖ បន្ទាប់ពីមានការតវ៉ារបស់ កម្មករជិត១០០នាក់ នៅការដ្ឋានបុរី CHENG CHING II ខេត្តកំពង់ស្ពឺ ដោយចោទប្រកាន់ថា ក្រុមហ៊ុនមិនបានបើកប្រាក់ខែឱ្យនោះ អាជ្ញាធរខេត្តនេះ រួមទាំងតំណាងមន្ទីរពាក់ព័ន្ធ បានចុះសម្រួល។ នេះបើតាមការអះអាងរបស់ សមត្ថកិច្ច។

ពាក់ព័ន្ធនឹងករណីនេះ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ម្ចាស់ក្រុមហ៊ុន លោក ចៅ កុសល ជាតំណាងក្រុមហ៊ុន CHING CHING II បានលើកឡើង តាមរយៈលោកស្រី សុខ ចន្នី ជាតំណាងកម្មករ ដែលបានផ្តល់បទសម្ភាស់ដល់អ្នកព័ត៌មានថា ការចោទប្រកាន់ថា ក្រុមហ៊ុនរបស់លោកជំពាក់លុយកម្មកររហូតដល់ទៅ ៨០ម៉ឺនដុល្លារនោះ គឺជារឿងមិនពិតសោះ ហើយក្នុងនាមតំណាងក្រុមហ៊ុន លោកសូមបដិសេធទាំងស្រុង។

លោកអះអាងបន្តថា ដំបូងក្រុមហ៊ុននោះជាអ្នកម៉ៅការ ទាំងសម្ភារៈសំណង់ និងទាំង កម្លាំងពលកម្មកម្មករ តែក្រោយមកក្រុមហ៊ុនរបស់លោកជាអ្នកផ្គត់ផ្គង់សម្ភារៈសំណង់ ចំណែកឯក្រុមហ៊ុនម្ខាងទៀតនោះ ជាក្រុមហ៊ុនម៉ៅការ ដែលមានតែកម្លាំងកម្មករសុទ្ធ។

លោកបានបន្តថា ក្រុមហ៊ុនបានចុះកុងត្រាសាងសង់ រយៈពេលត្រឹម២៤០ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៧ តែប៉ុណ្ណោះ។ លោកតំណាងក្រុមហ៊ុនសំណូមពរឲ្យក្រុមហ៊ុននោះយកវិបត្តិណាដែលថា ក្រុមហ៊ុនលោកជំពាក់នោះមកពិនិត្យផ្ទៀងផ្ទាត់ ទូទាត់សំណង ដោយមានអាជ្ញាធរចូលរួមជាសាក្សី ប្រសិនបើក្រុមហ៊ុននោះ មានវិក័យបត្រជំពាក់ ដូចការលើកឡើងនោះមែន ក្រុមហ៊ុនទទួលសងទាំងអស់។ លោកតំណាងបញ្ជាក់ថា លោកតែងទូទាត់គ្រប់ជំហានការងារដោយមិនដែលខកខានម្តងណាឡើយ ។

ចំពោះកម្មករឈរនៅមុខក្រុមហ៊ុនតវ៉ា កាលពីថ្ងៃទី១៦ ខែកក្កដាឆ្នាំ ២០១៩ កន្លងទៅនេះ ដោយទាំងមានកាន់រូបភាព សម្ដេច ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនោះ ពុំមែនជាកម្មករដែលកំពុងធ្វើការ នៅក្នុងក្រុមហ៊ុនរបស់គាត់ឡើយ។ លោកបញ្ជាក់ថា ថ្ងៃនេះក្រុមហ៊ុនរបស់លោកទទួល និងបើកប្រាក់ឈ្នួលដល់កម្មករ ដែលរត់ចេញពីក្រុមហ៊ុនម៉ៅការ ហើយក៏បានបន្តអនុញ្ញាតឲ្យពួកគាត់ចំនួន ៦នាក់ បានធ្វើការងារក្នុងក្រុមហ៊ុន CHING ching II ផងដែរ ។

សូមបញ្ជាក់ថាក្រុមកម្មករមានគ្នាជិត ១០០នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បាននាំគ្នាទៅតវ៉ានៅមុខការដ្ឋាន បុរី CHENG CHING II នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិបុស្សតានៃ ឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីទាមទារឲ្យថៅកែចិនតៃវ៉ាន់បើកប្រាក់ខែឲ្យពួកគាត់។

លោកស្រី សុខ ចន្នី ជាតំណាងកម្មករ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា មូលហេតុដែលកម្មករនាំគ្នាមកតវ៉ានៅមុខ បុរី CHENG CHING II ព្រោះតែថៅកែបុរី បានបញ្ឈប់ពួកគាត់ ដោយមិនមានមូលហេតុ និងមិនបើកប្រាក់ឈ្នួលឲ្យពួកគាត់។

លោកស្រីបន្ថែមថា លោកស្រី បានទទួលការងារសាងសង់សំណង់ផ្ទះល្វែងរបស់ក្រុមហ៊ុន បុរី CHENG CHING II កាលពីអំឡុងដើមឆ្នាំ២០១៨ ដោយមានកម្មករជិត ១០០នាក់ ស្រាប់តែប៉ុន្មានខែមុននេះ ថៅកែជនជាតិចិនតៃវ៉ាន់ឈ្មោះ ហ័ង គួយអ៊ី និងឈ្មោះ តៃ ឆាងអ័រ បានដេញកម្មករទាំងអស់ចេញពីការដ្ឋាន ដោយមិនបើកប្រាក់ខែឲ្យ និងមិនដោះស្រាយជាមួយកម្មករ ទើបកម្មករអស់ជម្រើសមានតែលើកគ្នាមកតវ៉ាតែម្តងទៅ។

លោកស្រី សុខ ចន្នី បានឲ្យដឹងទៀតថា លុយដែលក្រុមហ៊ុន បុរី CHENG CHING II ជំពាក់ពួកគាត់ប្រហែលជាជិត ៨០ម៉ឺនដុល្លារ។ មកដល់ពេលនេះ ថៅកែចិនឈ្មោះ ហ័ង គួយអ៊ី និងឈ្មោះ តៃ ឆាងអ័រ មិនអនុញ្ញាតឲ្យពួកគាត់ចូលជួបដើម្បីដោះស្រាយនោះទេ ថែមទាំងដកហូតសម្ភារ និងគ្រឿងចក្រសម្រាប់ធ្វើសំណង់របស់ពួកគាត់ទាំងអស់។

ដោយឡែកមន្ត្រីអាជ្ញាធរឃុំការហែង និងនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលបានចូលរួមសង្កេតនៅពេលកម្មករលើកគ្នាទៅតវ៉ា បានប្រាប់ថា ពួកគាត់អត់ដែលស្គាល់មុខ ថៅកែក្រុមហ៊ុនបុរីទេ។ ពួកគាត់ដឹងត្រឹមថា បុរីនេះមានច្បាប់ ព្រោះថៅកែចិនសុំពីថ្នាក់លើ ដោយមិនបានទាក់ទងខាងអាជ្ញាធរមូលដ្ឋានទេ។ ចំពោះបញ្ហារបស់កម្មករ ពួកគាត់ណែនាំឲ្យបងប្អូនកម្មករ ទៅដាក់ពាក្យប្តឹងនៅស្ថាប័នពាក់ព័ន្ធដើម្បីជួយដោះស្រាយ៕