(បាត់ដំបង)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយការលើកទឹកចិត្ត ផ្នែកពន្ធដារចំពោះសហគ្រាសប្រកបអាជីវកម្ម ក្នុងវិស័យកសិកម្ម ក្រោមអធិបតីភាពរបស់លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ជាតំណាងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ជាមួយតំណាងសភាពាណិជ្ជកម្មខេត្តបាត់ដំបង ដោយមានការចូលរួមពីម្ចាស់ និងជាតំណាងសហគ្រាស ស្ថិតក្នុងវិស័យកសិកម្ម ប្រមាណ ២០០នាក់។

លោក វ៉ាន់ ពុទ្ធិពល បានជម្រាបអង្គសិក្ខាសាលាថា គោលបំណងនៃសិក្ខាសាលាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយនូវបទប្បញ្ញត្តិ ដែលពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម ដូចជា៖

១៖ កាអនុគ្រោះនូវអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ

ចំពោះការនាំចូល និងការផ្គត់ផ្គង់ទំនិញមួយចំនួន ដូចជាជីគ្រប់ប្រភេទ ពូជដំណាំគ្រប់ប្រភេទ បសុឱសថ ចំណីសត្វ និងចំណីបន្ថែម ពូជសត្វគ្រប់ប្រភេទ គ្រឿងយន្ត និងឧបករណ៍កសិកម្មប្រភេទ។

២៖ ការលើកលែងអាករលើតម្លៃបន្ថែម លើការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ

ផ្តល់ការលើកលែងអាករលើតម្លៃបន្ថែម លើការផ្គត់ផ្គង់ផលិតផលកសិកម្ម មិនទាន់កែច្នៃដែលមានដូចជា ឫស មើម ដើម សំបក ផ្លែ ផ្កា ឬ គ្រាប់នៃរុក្ខជាតិ ដែលបានមកពីការធ្វើកសិកម្មដាំដុះ ទោះមិនទាន់កិនឬកិនបំបែករួចហើយក្តី និងដែលមិនទាន់ត្រូវបានយកទៅកែច្នៃជាផលិតផលផ្សេង។ ផលិតផលកសិកម្មមិនទាន់កែច្នៃ ក៏រួមបញ្ចូលនូវគ្រាប់ធញ្ញជាតិនានា រួមទាំងស្រូវអង្ករផងដែរ។

៣៖ ការលើកទឹកចិត្តអាករលើតម្លៃបន្ថែម ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា ពន្ធកាត់ទុកលើសេវា

ក៖ អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ

សហគ្រាសដែលផ្គត់ផ្គង់ទំនិញឬសេវាឱ្យដល់សហគ្រាសផលិត ផ្គង់ផ្គត់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែកម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទីនិងជ័រកៅស៊ូ អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ដំណាច់ឆ្នាំ២០២៣ និងត្រូវបានអនុញ្ញាតឥណទានអាករ លើធាតុចូលដែលទាក់ទិននឹងការផ្គត់ផ្គង់នេះ។

ខ៖ ការព្យួរទុកជាបណ្តោះអាសន្ន នូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល

សហគ្រាសផលិត ផ្គង់ផ្គត់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែកម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូត្រូវបានព្យួរទុកជាបណ្តោះអាសន្ននូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ សម្រាប់រយៈពេល ០៥ឆ្នាំ គិតចាប់ពីខែមករា ឆ្នាំ២០១៩ រហូតដល់ដំណាច់ឆ្នាំ ២០២៣។

គ៖ ការលើកលែងពន្ធអប្បបរមា
សហគ្រាសផលិត ផ្គង់ផ្គត់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែកម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទីនិងជ័រកៅស៊ូត្រូវបានលើកលែងពន្ធអប្បបរមា គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២៣ ក្នុងករណីដែលបានកាន់បញ្ជីគណនេយ្យត្រឹមត្រូវ ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ឃ- ការរួចកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់សេវា

សហគ្រាសផលិត ផ្គង់ផ្គត់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទីនិងជ័រកៅស៊ូ ត្រូវបានអនុគ្រោះឱ្យរួចពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស គិតចាប់ពីខែមីនា ឆ្នាំ ២០១៩ ដល់ដំណាច់ឆ្នាំ ២០២៣។

ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារខាងលើ សហគ្រាសត្រូវបំពេញ តាមលក្ខខណ្ឌទាំង ០៣ ដូចខាងក្រោម៖

* ស្នើសុំវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ពីអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាព ០១ឆ្នាំ ម្តង
* ត្រូវភ្ជាប់ជាមួយលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ នូវបញ្ជីឈ្មោះសហគ្រាសដែលផ្គត់ផ្គង់ទំនិញឬសេវាជាបន្ទុករបស់រដ្ឋ
* ត្រូវកាន់បញ្ជីគណនេយ្យស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន និងប្រកាសបង់ពន្ធអាករដទៃទៀតជាធរមានទៅតាមកាលកំណត់។

៤៖ ការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព (ផ្នែកកសិកម្ម)

សហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យអាទិភាពចំពោះផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម ត្រូវទទួលបានការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលដូចខាងក្រោម៖

* ៣ឆ្នាំ ចាប់ពីថ្ងៃចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពរួចរាល់ គិតពីខែតុលា ឆ្នាំ២០១៨ តទៅ
* ៥ឆ្នាំ ចាប់ពីថ្ងៃចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពរួចរាល់ គិតពីខែតុលា ឆ្នាំ២០១៨តទៅ ដែលបំពេញលក្ខខណ្ឌណាមួយ ដូចខាងក្រោម៖
- ប្រើវត្ថុធាតុដើមក្នុងស្រុកចាប់ពី ៦០ថ្ងៃឡើងទៅ ឬ
- បង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច ២០% ឬ
- មានទីតាំងក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម៕