(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ និងលោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង តំណាងលោក ជា សុមេធី អភិបាល នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំពីធីសែនក្រុងពាលី បញ្ចុះបឋមសិលាកសាងអគារសម្រាប់កម្លាំងអន្តរាគមន៍ និងសមិទ្ធិផលនានា នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

អគារកងកម្លាំងអន្ដរាគមន៍នេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញ ផ្តួចផ្តើមគំនិត ឧបត្ថម្ភគាំទ្រ និងយកចិត្តទុកដាក់ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង។

សូមបញ្ជាក់ដែរថា ចំពោះគម្រោងកសាងអាគារនេះ មានចំនួន០១ខ្នង (ផ្ទាល់ដី) ធ្វើអំពីថ្ម ប្រកក្បឿង ដែលមានទំហំ បណ្តាយ៤០ម៉ែត្រ និងទទឹង១០ម៉ែត្រ ស្មើនឹង៤០០ម៉ែត្រក្រឡា, កម្ពស់៤,៥ម៉ែត្រ មានចំនួន០៣បន្ទប់ ក្នុងនោះ បន្ទប់សម្រាប់កងកម្លាំងស្នាក់នៅ ចំនួន០១បន្ទប់, បន្ទប់សម្រាប់កងកម្លាំងប្រចាំការ ចំនួន០១បន្ទប់, បន្ទប់សម្រាប់កងកម្លាំងហូបបាយ ចំនួន០១បន្ទប់ ហើយដែលគម្រោងអាគារនេះដែរ គ្រោងនឹងសាងសង់រួចរាល់ប្រើរយៈពេលប្រហែល០៦ខែ៕