(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ បានរៀបចំពិធីដាំកូនឈើអបអរសាទររុក្ខទិវា៩កក្កដា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើនទៀត។

រុក្ខទិវា គឺជាទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ដែលកិច្ចការនេះ ត្រូវបានជំរុញយ៉ាងសកម្ម ដោយមានការចូលរួមយ៉ាងផុលផុស ពីសំណាក់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ចាប់តាំងពីមុនទស្សវត្សរ៍៥០ មកម្លេះ ហើយបានក្លាយទៅជាចលនាសង្គមគំរូ ក្រោមព្រះរាជកិច្ចដឹកនាំ ដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាវរក្សត្រ ព្រះបរមរតនៈកោដ្ឋ ព្រះបាទនរោត្តមសីហនុ ជាទីគោរពសក្ការៈ ត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិ មួយហៅថា «បុណ្យរុក្ខទិវា»។ កាលពីថ្ងៃទី៩ កក្កដា ពិធីរុក្ខទិវាត្រូវបានប្រារព្ធឡើង នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើក្បាលដំរី ស្ថិតក្នុងភូមិស្រែត្រែង ឃុំក្បាលដំរីស្រុកសំបូរ ខេត្តក្រចេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្ស នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក ឃួង ស្រេង បានអំពាវនាវដល់ប្រជាពលរដ្ឋ, មន្ត្រីរាជការមហាជនទូទៅ ត្រូវចេះស្រឡាញ់ដើមឈើ ឲ្យដូចស្រឡាញ់កូនចៅខ្លួនដូច្នោះដែរ។ ត្រូវចូលរួមដាំបន្ថែម និងថែរក្សាដើមឈើ ឲ្យបានល្អ និងគង់វង្សបង្កើនគំរបបៃតង ឲ្យបានកាន់តែច្រើន ដើម្បីរក្សាលំនឹងបរិស្ថាន និងធម្មជាតិសំរាប់ជីវិតមនុស្សសត្វ លើភពផែនដីនេះ ឲ្យប្រកបដោយនិរន្តរភាព និងស្រស់បំព្រងគ្រប់រដូវកាល ព្រៃឈើក៏បានចូលរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម វប្បធម៌ទេសចរណ៍ និងការសិក្សាស្រាវជ្រាវ ប្រព័ន្ធការពារដីនៅទីជំរាល និងប្រពន្ធ័ការពារជីវចំរុះជាដើម។

លោកថ្លែងថា ដូច្នេះការបាត់បង់ព្រៃឈើគ្រប់ប្រភេទ អាចបណ្តាលឲ្យមានទឹកជំនន់ខ្យល់កន្ទ្រាក់ រន្ទះនិងរាំងស្ងួត, បាត់បង់មច្ចាជាតិគ្រប់ប្រភេទ និងអាចបង្កទៅជាវាលរហោឋាន ធ្លាក់ចុះគុណភាពដីជាដើម។ ដូច្នេះត្រូវតែចូលរួមដាំ ដើមឈើ និងថែរក្សាដើមឈើឲ្យបានល្អ ទុកសំរាប់កូនចៅជំនាន់ក្រោយទៀត ហើយអ្នកបំផ្លាញដើមឈើ វាស្មើនឹងបំផ្លាញខ្លួនឯងដូច្នោះដែរ។

អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យមេព្រៃក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវរួមគ្នា ថែរក្សាដើមឈើដែលបានដាំហើយ នៅក្នុងរាជធានីភ្នំពេញឲ្យបានល្អ ហើយត្រូវធ្វើរបាយការណ៍ ពីស្ថានភាពដើមឈើទំាងនោះ ឲ្យបានជាប់ជាប្រចំា រៀងរាល់៦ខែម្តង ដើម្បីថែរក្សាការពារដើមឈើទំាងនោះ ឲ្យបានរីកលូតលាស់ល្អ សម្រាប់កូនចៅជំនាន់ក្រោយទៀត។

លោកអភិបាលថ្លែងថា «ដើមឈើនេះវាជាអ្នកទ្រទ្រង់ ឲ្យដល់កូនចៅជំនាន់ក្រោយរបស់យើង បានរស់នៅប្រកប ដោយចីរភាព នេះជាសារៈសំខាន់នៃដើមឈើ។ ដូច្នេះប្រជាពលរដ្ឋទំាងអស់ ដែលធ្លាប់មានកូនចៅ ហើយស្រលាញ់កូនចៅរបស់ខ្លួន សូមឲ្យស្រលាញ់ដើមឈើ ប្រៀបបាននឹងកូនរបស់ខ្លួន។ ត្រូវថែទំាវាឲ្យបានល្អ ដាក់ជីពូនគល់ និងស្រោចទឹកជាដើម ប្រៀបបានដូចទៅនឹង ការបីបាច់ថែរក្សាកូនចៅ ក្នុងក្រុមគ្រួសារ។ យើងដឹងហើយថា បើការណាគ្មានដើមឈើទេ កូនចៅយើងជំនាន់ក្រោយក៏មិន អាចរស់នៅបានដែរ»

លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីអបអរសាទរទិវាដាំដើមឈើ ដែលជាប្រពៃណីជាតិឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបាន ដាំដើមឈើចម្រុះប្រភេទឈើគ្រញូង នាងនួន ធ្នង់ គគីរ ឈើទាល រាំងភ្នំ គីនីន ត្របែកព្រៃ ក្ងោក និងខ្ទរ សរុបចំនួន ១៣៤៤ដើម នៅតាមវត្តអារាម សាលារៀន និងដងផ្លូវសាធារណៈ។

លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានផ្តល់កូនឈើចម្រុះប្រភេទ ឈើគ្រញូង នាងនួន បេង ធ្នង់ គគីរ ឈើទាល គីនីន រាំងភ្នំ រាំងទឹក ស្វាយ និងខ្ទរ សរុបប្រមាណ ៤២០០ដើម ដើម្បីប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋ មកពីរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីយកទៅដាំ នៅតាមទីវត្តអារាមដងផ្លូវទីសាធារណៈ និងលំនៅដ្ឋាននៅតាមមូលដ្ឋានរៀងៗខ្លួនផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍អបអរសាទរ បុណ្យរុក្ខទិវាជារៀងរាល់ឆ្នាំ ដូចបណ្តាខេត្តដទៃដែរ ដើម្បីលើកកម្ពស់ការយល់ដឹង ដល់ប្រជាពលរដ្ឋឲ្យរួមគ្នា ការពារធនធានព្រៃឈើតាម ព្រះរាជបវេណីដ៏គំរូ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះករុណាព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ៕