(ភ្នំពេញ)៖ រថយន្តក្រឡុក ស៊ីម៉ង់ត៍ បានបើកបុកស្ត្រីអ្នកជិះកង់ម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ វេលាម៉ោង០៩៖៣០នាទី នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុប២០០៤ ស្ថិតក្នុងភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមរយបាយការណ៍ របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញអ្នកជិះកង់ បានឆ្លងស្តុប ហើយរថយន្តក្រឡុកស៊ីម៉ង់ត៍ បើកបរពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើក៏បុកអ្នកជិះកង់ ហើយមានរថយន្តមួយគ្រឿង ទៀតម៉ាកស្តារិច ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AN-6234 បើកបរពីលិចទៅកើតចាប់ប្រាំងមិនទាន់ក៏ កិនជនរងគ្រោះបន្ថែមទៀត ក្រោយពេលកើតហេតុអ្នកបើកបររថយន្តទាំងពីរគ្រឿងបានរត់គេចខ្លួនបាត់។

ជនរងគ្រោះ ភេទស្រី មានអាយុប្រហែល៤០ឆ្នាំជាង មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ បច្ចុប្បន្នសពត្រូវបានយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែករថយន្តទាំងពីរគ្រឿង បានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ៕