(ភ្នំពេញ)៖ ក្រុមហ៊ុន China Duty Free Group (Cambodia) Co. , Ltd. (ហៅកាត់ cdf ) នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ បានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតនិយាយភាសាចិនលើកទី៣ នៅកម្ពុជាឆ្នាំ២០១៩ ក្រោមប្រធានបទ «ឈ្នះក្នុងជំនាញ ជ័យជំនះនៃសេវាកម្ម» ដែលមានបុគ្គលិកផ្នែកជួរមុខ មកពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ បានជួបជុំគ្នាដើម្បីធ្វើការប្រកួតនិយាយភាសាចិន ដែលមានលក្ខណៈស្តង់ដារ និងជំនាញ នៅសណ្ឋាគារភ្នំពេញអេរ៉ា។

វិញ្ញាសារប្រកួតនិយាយភាសាចិន វគ្គផ្តាច់ព្រ័ត្ររួមមាន៖ ការថ្លែងសុន្ទរកថា ជាភាសាចិន ការឆ្លើយសំណួរផ្ទាល់មាត់ ការបង្ហាញទេពកោសល្យ និងការបង្ហាញសមត្ថភាពពិតប្រាកដ ដើម្បីក្លាយជាបុគ្គលិកពេញលេញរបស់ cdf។ បេក្ខជនម្នាក់ដែលមិនចេះនិយាយភាសាចិន តាំងពីការចាប់ផ្តើមចូលធ្វើការនៅ cdf តែដោយការប្រឹងប្រែង និងហាត់និយាយ បានធ្វើឱ្យគាត់បានទទួលជ័យលាភីលេខបី នៅក្នុងការប្រកួតលើកនេះផងដែរ។

ព្រឹត្តិការណ៍ប្រកួតនិយាយភាសាចិនលើកទី៣ ឆ្នាំ២០១៩នេះ ធ្វើឡើងដើម្បីលើកកម្ពស់កម្រិតសមត្ថភាពបុគ្គលិកខាងភាសាចិន និងដើម្បីបង្កើនភាពរីករាយ ជាមួយអតិថិជនជាជនជាតិចិនថែមទៀត។ ជាមួយគ្នានេះដែរ វាក៏បានរួមចំណែកដល់ការផ្សព្វផ្សាយវប្បធម៌ចិន ទៅកាន់សហគ្រាសកម្ពុជា និងការពង្រឹងចំណងមិត្តភាពរវាងចិន និងកម្ពុជាទៀតផង។ ចាប់តាំងពីបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៤ មក cdf មិនត្រឹមតែតាំងចិត្តបង្កើតកន្លែងលក់ទំនិញប្រណីត កម្រិតខ្ពស់បំផុតនៅក្នុងទីក្រុងប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកដល់ការអភិវឌ្ឍសង្គមនៅកម្ពុជាផងដែរ។

គួរបញ្ជាក់ថា cdf បានរៀបចំ ការប្រកួតនិយាយភាសាចិនបីឆ្នាំមកហើយ។ ក្នុងអំឡុងពេលនេះ បុគ្គលិកខ្មែរជាច្រើនបានឆ្លើយតបជាវិជ្ជមាន ចូលរួមវគ្គបណ្តុះបណ្តាលភាសាចិន និងហាត់និយាយគ្នាទៅវិញទៅមក ដើម្បីបង្កើនជំនាញភាសាចិនរបស់ខ្លួន។

សូមជម្រាបថា cdf បានរៀបចំសកម្មភាពសប្បុសធម៏ ជាច្រើនដើម្បីផ្តល់ភាពកក់ក្តៅដល់កុមារកម្ពុជា ក្នុងនោះដែរក៏បានរៀបចំព្រឹត្តិការណ៍កីឡារវាងសហគ្រាស និងសហគ្រាស ដើម្បីបញ្ជូនថាមពលវិជ្ជមាន ទៅក្នុងសង្គមដោយលើកទឹកចិត្តយុវជនហាត់កីឡា និងជៀសឆ្ងាយពីគ្រឿងញៀន ហើយកាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ cdf បាន ចូលរួមយុទ្ធការ«សម្អាតបរិស្ថានក្រុងព្រះសីហនុ» ដើម្បីរួមចំណែកធ្វើឱ្យខេត្តព្រះសីហនុ កាន់តែស្រស់បំព្រងថែមទៀត៕