(សៀមរាប)៖ អ្នកគរ-ថ្លង់ ចំនួន៥០នាក់ ហើយអ្នកខ្លះបានក្លាយជាអ្នកគ្រប់គ្រងតាមផ្នែក នៃសណ្ឋាគារនោះ ត្រូវបានក្រុមហ៊ុនសណ្ឋាគារ ជីអេនហ្ស៊ី G & Z Investment Group ផ្តល់ឱកាសការងារ គឺសម្រាប់យុវជនគរ-ថ្លង់ ពី២៥-៣០% នៃចំនួនបុគ្គលិកសរុប ដែលបច្ចុប្បន្ន ក្រុមហ៊ុនបានបើកសម្ពោធសាខាទី ៥របស់ខ្លួន (G & Z Eden Privilege Resort & SPA) នាក្រុងសៀមរាប នាល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ ដោយមានអ្នកចូលរួមជាតិ-អន្តរជាតិប្រមាណ ២០០នាក់។

បើតាមលោក យឹង សារ៉ាត់ នាយកក្រុមហ៊ុនសណ្ឋាគារ ជីអេនហ្ស៊ី បានឱ្យដឹងថា មានហេតុផលដ៏ត្រឹមត្រូវមួយចំនួន ដែលក្រុមហ៊ុនរបស់លោក ទទួលបុគ្គលិកគរ-ថ្លង់ ឱ្យមកធ្វើការ ហើយពួកគាត់ត្រូវបានទទួលប្រាក់ខែពី ១៥០ដុល្លារ ដល់៣៥០ដុល្លារ តាមជំនាញ និងទំហំការងាររបស់ខ្លួន។

លោកបញ្ជាក់ដែរថា គ្រប់រូបនៃបុគ្គលិក គរ-ថ្លង់ទាំងអស់ គឺមានភាគហ៊ុន ៨% ដោយស្វ័យប្រវត្តិក្រោយពេលបានចូលបម្រើការងារជាមួយក្រុមហ៊ុន ហើយក្រុមហ៊ុនក៏ត្រូវបានបរិច្ចាគទឹកប្រាក់ចំនួន ២%បន្ថែមទៀត សម្រាប់ការងារសង្គមដែលទាក់ទងទៅនឹងការជួយដល់ជនពិការ គរ-ថ្លង់ ផងដែរ។

លោកបានបន្តថា មានមនុស្សច្រើនណាស់ ដែលមានចម្ងល់ថា តើក្រុមហ៊ុនធ្វើការជាមួយជន គរ-ថ្លង់ យ៉ាងដូចម្តេច? តាមពិតបុគ្គលិក គរ-ថ្លង់ ក៏ដូចជាមនុស្សធម្មតាដែរ គ្រាន់តែពួកគេខ្វះកាយសម្បទា មិនអាចនិយាយបាន ឬស្ដាប់ឮតែប៉ុណ្ណោះ តែពួកគាត់អាចសរសេរបាន ហើយពួកគាត់ក៏មានសមត្ថភាពពិសេស បំពេញការខ្វះចន្លោះនោះផងដែរ ដូចជាមានភាពស្មោះត្រង់ ឈ្លាសវៃ រហ័សរហួន និងព្យាយាម អំណត់។

លោកក៏បានបន្ថែមទៀតថា ក្រុមហ៊ុនបានព្យាយាមប្រើប្រាស់វិធីសាស្រ្តជាច្រើន ជាមួយនឹងបទពិសោធន៍ផងដែរ ដែលអាចធ្វើឱ្យក្រុមហ៊ុន ធ្វើការបានយ៉ាងល្អជាមួយពួកគាត់ ហើយនឹងមានមោទនភាពដោយសារតែពួកគាត់ បានកែប្រែជីវិតរស់នៅក្នុងសង្គម ក្នុងតម្លៃមួយយ៉ាងល្អប្រសើរ។ ទាំងនេះហើយដែលក្រុមហ៊ុនយើង មានគោលការណ៍ដ៏ជាក់លាក់ គឺមិនត្រូវបោះបង់អ្នកគរ-ថ្លង់ នោះឡើយ ពួកគាត់ក៏មានសមត្ថភាព ដូចមនុស្សធម្មតាដែលសំខាន់គឺការផ្តល់ឱកាសសម្រាប់ពួកគាត់ ដែលនេះជាចំណែកមួយជួយអភិវឌ្ឍន៍ដល់សង្គមជាតិ ហើយសម្រាប់ពេលខាងមុខ គឺក្រុមហ៊ុនមានគោលការណ៍ជ្រើសរើសយកយុវជនគរ-ថ្លង់ បម្រើការងារក្នុងក្រុមហ៊ុន ប្រមាណជា ១៥០នាក់ផងដែរ។

កញ្ញា ជន់ ចំរើន ដែលជាយុវតី គរ-ថ្លង់ ហើយមានតួនាទីជាអ្នកគ្រប់គ្រងភោជនីយដ្ឋានរបស់ក្រុមហ៊ុនសណ្ឋាគារ ជីអេនហ្ស៊ី បានបង្ហាញអារម្មណ៍រីករាយ និងមានភាពកក់ក្តៅ ដែលក្រុមហ៊ុនបានទទួលយុវជន/យុវតី គរ-ថ្លង់ ឱ្យចូលបម្រើការងារ។ តាមរយៈអ្នកបកប្រែ ភាសាកញ្ញា កញ្ញាសំណូមពរថា គាត់ពិតជាមានបំណង និងចង់ឱ្យក្រុមហ៊ុនផ្សេងៗ ដូចជាក្រុមហ៊ុនទេសចរណ៍ ហាងលក់វត្ថុអនុស្សាវរីយ៍ និងសិប្បកម្មនានាជាដើមនោះ សូមព្យាយាមជួយផ្ដល់ឱកាសការងារដល់យុវជន/យុវតី គរ-ថ្លង់ ដែលមិនទាន់មានការងារ ឱ្យបានចូលបម្រើការងារ ដូចមនុស្សទូទៅផង។ ព្រោះអ្នកខ្លះកំពុងស្ថិតនៅក្នុងការសិក្សានៅឡើយ ហើយពេលរៀនចប់ ពួកគាត់ពិតជាត្រូវការការងារធ្វើ ដើម្បីបានផ្គត់ផ្គង់ជីវភាពខ្លួនឯង និងគ្រួសារ ហើយបានចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិផងដែរ។

កញ្ញាបានបន្ថែមឱ្យដឹងថា ពួកគាត់បានរៀនសូត្រទាំងចំណេះទូទៅ និងអ្នកខ្លះទៀតក៏បានរៀនសូត្រនូវជំនាញ និងភាសាបរទេស ផងដែរ ហើយអ្នកខ្លះអាចចេះអាន ចេះសរសេរ និងប្រើភាសាសញ្ញាបានរហូតដល់ពីរ-បីភាសា ពិសេសភាសាអង់គ្លេស ហើយការផ្ដល់ឱកាសការងារ ដល់អ្នកគរ-ថ្លង់ ពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកស្ទួយសិទ្ធិជនពិការ និងបានធ្វើឱ្យជីវិភាពពួកគាត់ គ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ មានការរីកចម្រើនមួយផ្នែកផងដែរ៕