(ភ្នំពេញ)៖ លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានប្រាប់ ប្រមុខការទូតថា វៀតណាមគាំទ្រកម្ពុជា ដែលបានប្រឆាំងនឹងការអនុម័តច្បាប់ ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលត្រូវបានបង្កើតឡើង ដោយសភាពជាន់ទាបរបស់សហរដ្ឋអាមេរិក។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានថ្លែងយ៉ាងដូច្នេះ ក្នុងពេលដែលលោកដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទីស្តីការក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបខាងលើនេះ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា លោក ប្រាក់ សុខុន បានបង្ហាញការមិនពេញចិត្តលើអាមេរិក នៅចំពោះមុខគណៈប្រតិភូវៀតណាម ដោយសារតែអាមេរិកនៅតែបន្តរឹតត្បិត ទិដ្ឋាការការទូត របស់មន្ត្រីក្រសួងការបរទេសកម្ពុជា។

លោកបន្តថា «លោកអនុរដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមបន្តតាមដានការវិវត្តផ្សេងៗនៅកម្ពុជា ក៏ដូចជាតាមដានរឿងពីសហរដ្ឋអាមេរិក និង EU ផងដែរ។ ជាពិសេសក្រោយពីសភាតំណាងរាស្ត្រអាមេរិក បានអនុម័ត Cambodian Democracy Act (ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា) គឺវៀតណាមបានសម្តែង ការគាំទ្រចំពោះការប្រតិកម្មតបរបស់កម្ពុជា ជាការប្រតិកម្មមួយយ៉ាងសមស្រប»

ច្បាប់ស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានសភាតំណាងរាស្ត្រ សហរដ្ឋអាមេរិកអនុម័តជាឯកច្ឆ័ន្ទ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ ច្បាប់នេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា និងស្តារលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីសភាតំណាងរាស្ត្រអាមេរិក បានលើហេតុផលថា ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមានការធ្លាក់ចុះ។

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក ផៃ ស៉ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកការអនុម័តច្បាប់ ស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សមាជិកសភាអាមេរិក គឺជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងសោកស្តាយ។ លោកបានចាត់ទុកថា ការសម្រេចនេះជាទង្វើប្រឆាំងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់កម្ពុជា។

រដ្ឋសភារកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលបានអនុម័តសេចក្តីព្រាងច្បាប់នេះ។ ក្នុងសេចក្តីថ្លែងការណ៍រដ្ឋសភា បានគូសបញ្ជាក់ទៀតថា ថ្វីត្បិតតែមានសម្ពាធដ៏អយុត្តិធម៌ និងការដាក់ទណ្ឌកម្មជាឯកតោភាគីពីសំណាក់សហរដ្ឋអាមេរិកក្តី ក៏រាជរដ្ឋាភិបាលកម្ពុជាបានជ្រើសយកអភិក្រមវិជ្ជមានប្រកបដោយភាពស្មោះត្រង់ ក្នុងបំណងបន្តកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើគ្រប់វិស័យ។ អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានអំពាវនាវឱ្យសភាសហរដ្ឋអាមេរិក ពិចារណាឡើងវិញ ឱ្យបានម៉ត់ចត់ ចំពោះការប្រកាន់ជំហរលំអៀង ដែលមានភាពអយុត្តិធម៌ចំពោះកម្ពុជា ដែលកំពុងតែប្តេជ្ញាចិត្តអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។

ដោយឡែក កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ ប្រតិកម្មទៅនឹង សភាតំណាងរាស្ត្រអាមេរិក ដែលបានអនុម័តច្បាប់ ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលជាច្បាប់មួយដាក់ទណ្ឌកម្ម លើប្រទេសកម្ពុជាជុំវិញការចោទប្រកាន់ កម្ពុជាធ្វើឱ្យធ្លាក់ចុះ នូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាដើមនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំងចំពោះខ្លឹមសារ នៃសេចក្តីព្រាងច្បាប់នេះ និងបានធ្វើការបដិសេធយ៉ាងដាច់អហង្កា នូវការចោទប្រកាន់ ដោយគ្មានមូលដ្ឋានប្រឆាំង នឹងរាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកទៅលើព័ត៌មានបំភ្លៃ លំអៀង និងព័ត៌មានចាស់ហួសសម័យ ដោយសារតែហេតុផលនយោបាយ និងស្តង់ដារពីរ៕