(ភ្នំពេញ)៖ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារ ឆមាសទី១ និងដាក់ចេញ ទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ។

តាមរបាយការណ៍បានបញ្ជាក់ឲ្យដឹងថា ដោយមានការដឹកនាំពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ បណ្តាស្ថាប័នកងឯកភាពគ្រប់លំដាប់ថ្នាក់ បានយកអស់ស្មារតី កម្លាំងកាយចិត្ត ពុះពារនូវរាល់ការលំបាក ក្នុងការបំពេញភារកិច្ចការពារដែនអធិបតេយ្យភាព បូរណភាពទឹកដី តាមរយៈការចេញល្បាតត្រួតពិនិត្យបង្គោលព្រំដែនខ្សែខ័ណ្ឌសីមាជាប់ជាប្រចំា។

ទន្ទឹមនោះ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្រ្កាបបានទាន់ពេលវេលា នូវរាល់បាតុភាពអសកម្ម អំពើចោរកម្ម ឆក់ប្លន់ ជួញដូរគ្រឿងញៀន បទល្មើសព្រៃឈើ ក៏ដូចជាបទល្មើសផ្សេងៗទៀត។

ថ្លែងក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានផ្តាំផ្ញើដល់មេបញ្ជាការនៅគ្រប់ស្ថាប័នកងឯកភាព បន្តយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងទាំងបរិមាណ គុណភាព ធ្វើការអប់រំសតិអារម្មណ៍ ព្រមទាំងលក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ពង្រឹងការសាមគ្គីភាព គោរពវិន័យ គោរពបទបញ្ជា ការពាររដ្ឋធម្មនុញ្ញ និងស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល៕