(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល លើការបង្ក្រាបបទល្មើសធនធានធម្មជាតិ។

កិច្ចប្រជុំនេះក៏មានការចូលរួមពីអនុប្រធាន និងសមាជិកនៃគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលជារដ្ឋលេខាធិការ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់ក្រុមការងារ ឱ្យប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើដោយគ្មានការលើកលែង ទោះបីអ្នកប្រព្រឹត្តនោះជាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំក៏ដោយនោះ។ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ទៀតថា កម្ពុជាជាប្រទេសអនុវត្តន៍ច្បាប់ ដូចនេះប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ទាំងអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំ។

នៅដើមខែកក្កដា ឆ្នាំ២០១៩នេះ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំ និងបញ្ជាផ្ទាល់ដោយនាយឧត្តមសេនីយ៍ សៅ សុខា បានបើកប្រតិបត្តិការក្តៅក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តភាគឦសានប្រទេស។ ក្នុងនោះឧកញ៉ា ស៉ឹង សំអុល មេឈ្មួញឈើល្បីឈ្មោះមួយរូបនៅកម្ពុជា រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ដាក់ពន្ធនាគារផងដែរ៕