(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតចិនប្រចាំកម្ពុជាចប់អាណត្តិ នឹងយកសំណើរបស់លោក ទៅធ្វើការស្នើសុំទៅក្រសួងសេដ្ឋកិច្ចប្រទេសចិន ដើម្បីជួយពង្រីកមន្ទីរពេទ្យនៅខេត្តព្រះសីហនុ ព្រោះតែនៅក្រុងព្រះសីហនុ មានមនុស្សរស់នៅកាន់តែច្រើន និងជាកន្លែងមួយដែលមានអភិវឌ្ឍន៍លឿន។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូចនេះ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកទទួលជួបសម្តែងការគួរសម និងជម្រាបលា ពីសំណាក់លោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតចិនប្រចាំកម្ពុជាចប់អាណត្តិ នៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងឱកាសជួយសម្តែងការគួរសម និងជម្រាបលានោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះលោក លី អាន ដែលបានខិតខំអស់ទាំងកម្លាំងកាយចិត្ត ក្នុងការជួយដល់វិស័យសុខាភិបាលនៅកម្ពុជា ដែលមានគម្រោងជាច្រើន ដែលបានប្រតិបត្តិការជាមួយគ្នា មានដូចជា មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលបាននឹងកំពុងសាងសង់ មន្ទីរពេទ្យត្បូងឃ្មុំ កំពុងសាងសង់ រថយន្តមន្ទីពេទ្យចល័តចំនួន៤០គ្រឿង ដើម្បីបានធ្វើប្រតិបត្តិការជួយដល់អ្នកជំងឺបន្តទៀត។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណជាអនេកចំពោះលោកទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតចិនប្រចាំកម្ពុជាចប់អាណត្តិ ដែលបានខិតខំជួយដល់ប្រទេសកម្ពុជា ក្នុងវិស័យសុខាភិបាល ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នានេះ ទៅការគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ។ ក្រសួងសុខាភិបាលកម្ពុជា នឹងខិតខំបន្តកិច្ចការយ៉ាងល្អនេះ ជាមួយនឹងអ្នកដែលមកថ្មីបន្តទៀតផងដែរ។

ក្នុងឱកាសនោះលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏បានស្នើដល់ភាគីចិន ឱ្យជួយបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀត ខាងវិស័យសុខាភិបាល និងស្មើសុំឱ្យជួយពង្រឹកមន្ទីរពេទ្យខេត្តព្រះសីហនុ ដែលសព្វថ្ងៃមានទំហំតូច មានគ្រែសំរាកសំរាប់អ្នកជំងឺតែ២០០គ្រែប៉ុណ្ណោះ ដែលមិនទាន់បំពេញតម្រូវការបាននូវឡើយ។

លោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតចិនប្រចាំកម្ពុជា បានឆ្លើយតបថា នឹងទទួលយកសំណើរនេះ ហើយធ្វើការស្នើសុំទៅក្រសួងសេដ្ឋកិច្ចប្រទេសចិន ដើម្បីពង្រីកមន្ទីរពេទ្យនៅខេត្តព្រះសីហនុនេះ ព្រោះនៅក្រុងព្រះសីហនុ មានមនុស្សរស់នៅកាន់តែច្រើន និងជាកន្លែងមួយដែលមានអភិវឌ្ឍន៏លឿន ។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏បានជូនពរ សូមឱ្យលោក លី អាន ជាទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាផុតអាណត្តិ ជោគជ័យក្នុងភារកិច្ចថ្មីៗបន្តទៀត ដែលរដ្ឋាភិបាលរបស់ប្រគល់ជូនផងដែរ៕