(ភ្នំពេញ)៖ គម្រោងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចថ្មីទៅឲ្យក្រុមហ៊ុនឯកជន ដើម្បីកែច្នៃផល-អនុផលព្រៃឈើ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បិទតាំងពីឆ្នាំ២០១២មកម្ល៉េះ ពោលរហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលមិនបានផ្ដល់ឲ្យក្រុមហ៊ុនណាទៀតនោះទេ ប៉ុន្តែក្រុមហ៊ុនដែលទទួលអាជ្ញាបណ្ណហើយនៅតែបន្តដំណើរការ ដែលបច្ចុប្បន្ន មានចំនួន២២៩ក្រុមហ៊ុន នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន និងមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «វិធានការទប់ស្កាត់បទល្មើសព្រៃឈើ» នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ដ្រីជំនាញរូបនេះបានអះអាងថា បើទោះបីរាជរដ្ឋាភិបាលបិទមិនផ្ដល់គម្រោងថ្មីក៏ពិតមែន ប៉ុន្ដែរាល់គម្រោងដែលបានផ្ដល់សិទ្ធិ ហើយមិនទាន់បញ្ចប់តាមផែនការក្នុងកិច្ចសន្យានោះ អាចនៅបន្ដការងាររបស់ខ្លួនធម្មតា។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងយ៉ាងដូច្នេះថា «រដ្ឋាភិបាលសម្រេចបិទការ ផ្ដល់គម្រោងសម្បទានដីសេដ្ឋកិច្ចថ្មី នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ បិទត្រឹមនោះ មិនបានផ្ដល់ឲ្យទៀតទេ ប៉ុន្ដែមិនមែនមានន័យថា គម្រោងដែលគេមានហើយយើងទៅបិទគេឈប់ឲ្យធ្វើនោះទេ។ បិទឈប់ឲ្យថ្មីទៀត អ្វីដែលមានគឺធ្វើតែប៉ុណ្ណឹង។ គម្រោងអនុវត្តសម្បទានសេដ្ឋកិច្ច ដែលគេអនុវត្តដល់សព្វថ្ងៃនេះ ខ្លះមិនទាន់ចប់ការឈូសឆាយ បើគាត់មិនទាន់ចប់ការឈូសឆាយ មិនទាន់ចប់ផែនការមេរបស់គាត់ គាត់នៅបន្ដឈូសឆាយ គាត់នៅប្រមូលផល-អនុផលព្រៃឈើ»

បើទោះបីក្រុមហ៊ុនដែលទទួលបានសិទ្ធិទាំងអស់នោះ នៅបន្ដអនុវត្តការងាររបស់ខ្លួនក៏ពិតមែន ប៉ុន្ដែគណៈកម្មការដែលមានស្ថាប័ន និងក្រសួងពាក់ព័ន្ធ គ្រប់គ្រងលើការងារនេះ នៅតែបន្ដតាមដានការងារនេះយ៉ាងយកចិត្តទុកដាក់ ហើយប្រសិនជារកឃើញថា ក្រុមហ៊ុនទាំងអស់នោះ អនុវត្តខុសពីគោលការណ៍កំណត់រាជរដ្ឋាភិបាលមានសិទ្ធិបិទការផ្ដល់សិទ្ធិនេះភ្លាម។ នេះបើតាមការឲ្យដឹងពី លោក ស្រ៊ុន ដារិទ្ធ។

ជាមួយគ្នានេះ លោក ស្រ៊ុន ដារិទ្ធ បានបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ តំបន់ព្រៃដែលស្ថិតនៅក្នុងការពារ មានប្រមាណ៤០ភាគរយ ក្នុងចំណោមជាង៧.៣លានហិចតា ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងដោយ ក្រសួងបរិស្ថាន ខណៈដែលនៅមានដីព្រៃជាច្រើនទៀត ដែលរាជរដ្ឋាភិបាលកំពុងរៀបចំដាក់ទៅជាតំបន់ការពារ។

លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ក៏បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា បច្ចុប្បន្នក្រុមហ៊ុនឯកជន ដែលកំពុងទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ចំនួន២២៩ក្រុមហ៊ុន។ ដោយឡែក ក្រុមហ៊ុនដែលកំពុងតែរកស៊ី ពាក់ព័ន្ធនឹងឈើមានច្រើន ដោយលោកមិនបានបញ្ជាក់ចំនួននោះទេ ខណៈដែលក្រុមហ៊ុននាំចេញឈើទៅក្រៅប្រទេសមានចំនួនតិចតួចប៉ុណ្ណោះ។

ដោយឡែក លោក សួន សុវណ្ណ ប្រធាននាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តន៍ច្បាប់នៃរដ្ឋបាលព្រៃឈើ ក៏បានបង្ហាញតួលេខដែរថា រដ្ឋបាលព្រៃឈើបច្ចុប្បន្ននេះ កំពុងគ្រប់គ្រងផ្ទៃដីព្រៃឈើដែលមានតំបន់ព្រៃការពារ ចំនួន២,១៥០,០០០ហិចតា។

ក្នុងនោះមានសហគមន៍ព្រៃឈើ គិតត្រឹមឆ្នាំ២០១៩ មាន៥១ម៉ឺនហិចតា, ស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើឡើងវិញ មាន៤៦ម៉ឺនហិចតា, តំបន់ប្រភពគ្រាប់ពូជ មាន២២៣០ហិចតា, ឧទ្យានសួនសត្វ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ២២៨៣, ផ្ទៃដីសម្បទានសេដ្ឋកិច្ច មានចំនួន១,១៧៨,៦៤៦ហិចតា។

លោកបានអះអាងថា ជាទូទៅរដ្ឋបាលព្រៃឈើ បានសិក្សាអំពីគំរបព្រៃជារៀងរាល់៤ឆ្នាំម្ដង ក្រោមការជួយឧបត្ថម្ភរបស់ដៃគូអភិវឌ្ឍន៍ ដោយប្រើប្រព័ន្ធផ្កាយរណប បានធ្វើនៅឆ្នាំ២០០២, ២០០៦, ២០១០, ២០១៤ ហើយតួលេខដែលបានប្រើប្រាស់ជាផ្លូវការ នៅក្នុងឆ្នាំ២០១៤នេះ គម្របព្រៃឈើនៅទូទាំងប្រទេសកម្ពុជា ៤៩.៤៨ភាគរយ នៃផ្ទៃដីប្រទេស និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ លើផ្ទៃដីចំនួន៨,៩៨០,០០០ហិចតា៕