(ភ្នំពេញ)៖ កម្មវិធីអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ដែលនឹងធ្វើឡើងជាលើកទី២ នាថ្ងៃទី២០-២១ កក្កដាខាងមុខនេះ បានប្រមូលផ្ដុំនូវអាជីវកម្មថ្មីៗទាំងក្នុង និងក្រៅស្រុក ប្រមាណជាង៤០ក្រុមហ៊ុន ដើម្បីដាក់តាំងបង្ហាញនូវសមិទ្ធិផលនៃការបង្កើតផលិតផល និងសេវាកម្មថ្មីសម្រាប់ផ្គត់ផ្គង់ទីផ្សារកម្ពុជា។

ក្នុងចំណោមអាជីវកម្មទាំងអស់នោះ មានអាជីវកម្មក្នុងស្រុកជាច្រើនប្រភេទ ដែលបង្កើតឡើងដោយសហគ្រិនកម្ពុជា ដែលក្នុងនោះមានអាជីវកម្ម៥ប្រភេទ ដែលកម្មវិធីអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា នឹងលើកឡើងយកមកបង្ហាញ ។

អាជីវកម្មក្នុងស្រុក៥ប្រភេទ ដែលបានបង្កើតឡើងដោយសហគ្រិនវ័យក្មេងកម្ពុជាដែលនឹកលើកយលមកបង្ហាញរួមមាន៖

ទី១៖ ក្រុមហ៊ុនថ្នាំពណ៌ជាតិ៖ ក្រុមហ៊ុនថ្នាំពណ៌ជាតិខាំ-ផែន ជារោងចក្រផលិតថ្នាំពណ៌ក្នុងស្រុក ដែលទទួលបានវិញ្ញាបនប័ត្រលើប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015។ មកដល់បច្ចុប្បន្ននេះ ផលិតផលរបស់ក្រុមហ៊ុនខាំ-ផែន មានគុណភាពអាចប្រកួតប្រជែង ជាមួយផលិតផលនាំចូលលំដាប់ពិភពលោកបាន។ ផលិតផលដែលក្រុមហ៊ុនខាំ-ផែន បាននឹងកំពុងផលិតរួមមាន៖ ថ្នាំលាបលម្អប្រភេទលាយទឹក ថ្នាំលាបលម្អប្រភេទលាយប្រេង ពពួកបាយអស្ងួត និងពពួកគីមីសំណង់ផងដែរ។

ទី២៖ សហគ្រាសសង្គម ម៉ាយឌ្រីមហូម (My Dream Home) ជាសហគ្រាសមួយដែលបានចូលរួមដោះស្រាយបញ្ហាសង្គមសព្វថ្ងៃ បានមួយផ្នែកគឺការផ្គត់ផ្គង់ឥដ្ឋបរិស្ថានក្នុងស្រុកមួយ ដែលបង្កើតឡើងដោយសហគ្រិនកម្ពុជា ដែលអាចសង់លំនៅដ្ឋានក្នុងតម្លៃសមរម្យ និង⁣មានសោភណ្ឌភាព ជាមួយនឹងការកាត់បន្ថយចំណាយ⁣ចាប់ពី ២០-៤០% លើការសាសង់។

ទី៣៖ មន្ទីរសម្រាកព្យាបាល និងថែទាំមនុស្សចាស់នៃក្រុមហ៊ុនវិសារ ជាមន្ទីរសម្រាកព្យាបាល ក្នុងស្រុកមួយ ដែលត្រូវបានបង្កើតឡើងដោយសហគ្រិនកម្ពុជា ដែលផ្តល់សេវាថែទាំដល់គេហដ្ឋានធំជាងគេនៅកម្ពុជា ជាមួយជំនាញបច្ចេកទេស និងឯកទេសជាវេជ្ជបណ្ឌិត គិលានុប្បដ្ឋាក និងអ្នកបច្ចេកទេសព្យាបាលដោយចលនា។

ទី៤៖ ក្រុមហ៊ុនស្រមោល អាឃីធេក (Sromal Architect) គឺជាក្រុមហ៊ុនរចនាប្លង់អគារក្នុងស្រុកមួយ ដែលមានបទពិសោធន៍នៃការរចនាប្លង់អគារតូចធំជាច្រើន ក្រោមការបង្កើតឡើងដោយយុវជនកម្ពុជា ជាមួយនឹងការរចនាពីស្រមោលអាឃីធេក លោកអ្នកអាចបង្កើតអគារក្នុងក្ដីស្រមៃឱ្យក្លាយជាការពិតជាមួយនឹងគំនិតច្នៃប្រឌិតខ្ពស់ គុណភាព សោភ័ណភាព និងសេវាកម្ម ដែលគួរអោយទុកចិត្ដ។

ទី៥៖ សំណង់ទុយោដយដយ (DoyDoy Cambodia) ជាល្បែងសំណង់ទុយោដែលបានបង្កើតឡើងដោយសហគ្រិនវ័យក្មេងកម្ពុជាម្នាក់។ ដយដយត្រូវបានផលិតចេញជាបំពង់ជ័រទន់ ដែលអាចផ្គុំចេញជាទិដ្ឋភាពផ្សេងៗ ជាពិសេសជួយដល់ការបង្កើតភាពច្នៃប្រឌិតសម្រាប់កុមារ លើវិទ្យាសាស្រ្តសី្ទម វិស្វកម្ម និងជួយដល់ការលូតលាស់ បង្កើនជំនាញនិងប្រាជ្ញា ពង្រឹងសុខភាព និងស្មារតីស្វាហាប់ដល់កុមារផងដែរ។

ដើម្បីយល់ដឹងកាន់តែច្បាស់អំពីអាជីវកម្មទាំង៥ខាងលើ និងអាជីវកម្មថ្មីៗជាច្រើនប្រភេទទៀត លោកអ្នកអាចចូលរួមក្នុងកម្មវិធីអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាលើកទី២ ដែលនឹងធ្វើឡើងនៅផ្សារទំនើបអ៉ីអនម៉លសែនសុខ ចាប់ពីម៉ោង១០ព្រឹកដល់៩យប់។ ចូលរួមដោយសេរីសម្រាប់អ្នកទស្សនា ចាប់ពីម៉ោង១០ព្រឹកដល់៩យប់៕