(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានថ្លែងបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ការចូលព្រៃកាប់ឈើ ធ្វើជាមុខរបរប្រចាំថ្ងៃរបស់ខ្លួន។

លោក ស៊្រុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «វិធានការទប់ស្កាត់បទល្មើសព្រៃឈើ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះថា ក្រសួងបរិស្ថានបានគិតគូររួចមកហើយ នូវជម្រើសផ្សេងក្នុងការបញ្ចៀសឲ្យប្រជាពលរដ្ឋឈប់ពឹងផ្អែកលើធនធានធម្មជាតិ ដែលនិយាយស្រួលស្តាប់ថា ឲ្យពួកគាត់ឈប់កាប់ឈើធ្វើជាមុខរបរ តាមរយៈការអប់រំជាប្រចាំ ជាមួយនឹងការចុះសិក្សាដល់សហគមន៍ ដើម្បីស្វែងរកវិធីបង្កើតមុខរបរ និងធ្វើការងារផ្សេងៗទៀត ជំនួសការចូលព្រៃកាប់ឈើ។

ជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាសាធារណជន សូមកុំលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលចូលកាប់ឈើធ្វើជាមុខរបរប្រចាំថ្ងៃ ដោយសារកន្លងមកតែងតែមានការលើកឡើងថា ការចាប់ឃាត់ករណីកាប់ឈើ តែប្រជាពលរដ្ឋតូចតាច អ្នកធំមិនហ៊ានចាប់ ហើយចាប់ឈើរបស់ប្រជាពលរដ្ឋតូចតាច នឹងធ្វើឲ្យពួកគាត់ស្លាប់ ព្រោះគ្មានមុខរបរចិញ្ចឹមជីវិតជាដើម។ លោកចាក់ទុកការលើកឡើងបែបនេះ គឺជាការគាំទ្រឲ្យប្រជាពលរដ្ឋប្រព្រឹត្តបទល្មើស។

លោក ស៊្រុន ដារិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «កន្លងមកមានសារព័ត៌មានមួយចំនួន លើកឡើងមួយចំនួនថា ចាប់តែអ្នកតូចតាច ម៉េចអាអ្នកធំមិនចាប់ផង។ គាត់រកស៊ីដឹកឈើ គ្រាន់តែរស់ចិញ្ចឹមក្រពះទេ។ យើងនិយាយដូច្នេះ ស្មើនឹងលើកទឹកចិត្តឲ្យពួកគាត់ [ពលរដ្ឋអ្នកកាប់ឈើ] ប្រព្រឹត្តបទល្មើសហើយ។ ខ្ញុំបានជម្រាបតាំងពីខាងដើមថា ចំពោះប្រជាពលរដ្ឋតូចតាច ហើយតែងតែយោគយល់ច្រើនណាស់ វិធានការយើងអប់រំណែនាំម្តងជា២ដង ៣ដង ហើយសារព័ត៌មានយើងមួយចំនួន ក៏យកទៅប្រើតាមដែរ ថាគាត់រកស៊ីថាដើម្បីតែរស់ទេ គាត់គ្មានមុខរបរអីផ្សេង ម៉េចទៅសម្លាប់គាត់ បើមិនឲ្យគាត់កាប់ឈើ ចុះប្រជាជនមួយប្រទេសអត់កាប់ឈើសុទ្ធស្លាប់ទាំងអស់មែនទេ!»

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋកុំឲ្យកាប់ឈើតទៅទៀត ដើម្បីថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕