(កំពង់ស្ពឺ)៖ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរពិធីបុណ្យរុក្ខទិវា ៩ កក្កដា ព្រមទាំងមាន ការចូលរួមពីសំណាក់អស់លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង៨ សិស្សានុសិស្ស ប្រជាពលរដ្ឋ ប្រមាណជាង៥០០នាក់។

លោក វ៉ី សំណាង បានគូសបញ្ជាក់ថា ថ្ងៃនេះជាទិវាដ៏មហោឡារឹកបំផុត ដែលខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ បានជ្រើសរើសយកទីតាំង នៅតាមដងផ្លូវលេខ ១៤៣ ភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារ ខេត្តកំពង់ស្ពឺ សម្រាប់ដាំដើមផ្កាសាគូរ៉ា ចំនួន៣០០ដើម នៅសងខាងផ្លូវ ក្នុងគោលបំណង បង្កើនឲ្យមានសោភ័ណភាពនៅតាមដងផ្លូវ សំដៅជំរុញការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ សិស្សានុសិស្សឲ្យយល់ដឹង ពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការដាំដើមឈើ ។

លោកបន្ដថា ដើមសាគូរ៉ាគឺជាប្រភេទផ្កា ដែលមានសម្រស់ស្រស់ស្អាត និងភាពទាក់ទាញបំផុត ហើយផ្ការីកស្អាតបំផុត ក្នុងរយៈពេលតែ៧ថ្ងៃប៉ុណ្ណោះ ក្នុង១ឆ្នាំ វាចាប់ផ្ដើមរីកចាប់ពីខែមីនា ដល់ខែឧសភា។ ទន្ទឹមនឹងនេះដើមឈើ មានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ។ វាផ្តល់សារៈប្រយោជន៍យ៉ាងច្រើន ដូចជាផ្តល់មកនូវម្លប់ផ្លែផ្កាអុស សំរាប់ដុត ជាឈើសំណង់ ជាជម្រកសត្វព្រៃ ជម្រកមច្ឆាជាតិ ជារបាំងការពារខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀង សំរាប់បង្កបង្កើនផល ចិញ្ចឹមជីវិតមនុស្សលោក ។

លោកអភិបាលខេត្ត បានបន្ដទៀតថា បុណ្យរុក្ខទិវា បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំ របស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ក្នុងគោលបំណង បំផុសចលនាដាំដើមឈើឡើងវិញ និងការថែរក្សាសម្បត្ដិព្រៃឈើជាតិ តែពិធីនេះ បានអាក់ខានមួយរយៈ រហូតដល់ឆ្នាំ១៩៨៩ ទើបចាប់ផ្ដើមឡើងវិញ ក្នុងបំណងបន្ដប្រពៃណីរុក្ខទិវា និងស្ដារព្រៃឈើឡើងវិញ។

លោកបន្ដថា បុណ្យរុក្ខទិវានេះ គឺជាវប្បធម៌ដ៏ឧត្តម ដែលប្រជាជាតិកម្ពុជា បានចូលរួមយ៉ាងសកម្ម និងធ្វើឲ្យសកម្មភាព នៃទិវានេះ មានជារៀងរហូតនៅក្នុងសង្គមជាតិយើង ដែលធ្វើឲ្យតំបន់ដីព្រៃរេចរិល ដាំដុះដីព្រៃឈើឡើងវិញ និងចូលរួមការពារព្រៃឈើឲ្យគង់វង្ស កាន់តែប្រសើរឡើង។

លោកថា ពីមួយឆ្នាំទៅមួយឆ្នាំ យើងសង្កេតឃើញថា ទិវាដាំដើមឈើនេះ មានការចូលរួមពីសំណាក់ មហាជនជាច្រើន ជាពិសេសយុវជន ដែលសសរទ្រូងនៃប្រទេសជាតិ ក្នុងគោលបំណងថែរក្សាការពារ និងបណ្តុះគំនិតស្រលាញ់ ព្រៃឈើ និងបរិស្ថានធម្មជាតិ ដែលកំពុងតែរងការកាប់បំផ្លាញ ដែលនាំឲ្យឈានទៅរកការបាត់បង់បន្តិចម្តងៗ។

អភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមទៀតថា ហេតុដូចនេះហើយ យើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ ពីដើមឈើនោះ គប្បីចូលរួមដាំថែរក្សាការពារ និងស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ខ្លូនយើងផ្ទាល់ ជីវិត សត្វព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈចម្រុះផងដែរ៕