(ភ្នំពេញ)៖ របាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា រយៈពេល៦ខែឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរនៅកម្ពុជា បានកើតឡើងចំនួន ២,១៧១លើក កើនឡើង ៥៣៨លើក ស្មើនឹងប្រមាណ ៣៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ គ្រោះថ្នាក់ចរាចរនេះ បានផ្តាច់ជីវិតប្រជាពលរដ្ឋ ១,០៣៣នាក់ និងរបួសចំនួន ៣,២២៤នាក់។

របាយការណ៍បានបង្ហាញទៀតថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរគិតជាមធ្យមក្នុងមួយថ្ងៃចំនួន ៦នាក់ និងរបួសចំនួន ១៨នាក់។

អត្រាគ្រោះថ្នាក់ចរាចរដែលមានកំណើនខ្ពស់នេះនាំឱ្យមានក្តីបារម្ភជាខ្លាំងសម្រាប់រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា អត្រាគ្រោះថ្នាក់ចរាចរនេះបានធ្វើឱ្យរាជរដ្ឋាភិបាលខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយក៏ធ្វើឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋខ្លាំងក្លាផងដែរ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានដាក់ចេញនូវវិធានការមួយចំនួនក្នុងបំណងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

វិធានការនោះមានដូចជាការរឹតបន្តឹងការអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំច្បាប់និងបទដ្ឋានសុវត្ថិភាពនិង ចរាចរណ៍ផ្លូវគោក ការរៀបចំផ្លូវថ្នល់ឱ្យមានសុវត្ថិភាព និងការសិក្សាស្រាវជ្រាវកែលម្អខ្លឹមសារច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានក្នុងកម្រិតអប្បបរមា។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី បានបង្ហាញពីទិសដៅសំខាន់ៗសម្រាប់ឆមាសទី២ ឆ្នាំ២០១៩ រួមមាន៖ បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសិក្សាត្រួតពិនិត្យតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់ បន្តត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅគោលដៅដើមទីកំពង់ផែ សិក្សានិងរៀបចំវិធានការបំពាក់ប្រព័ន្ធ GPS តាមដានរថយន្តដឹកទំនិញ ជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវដែក និងអនុវត្តយ៉ាងម៉ឺងម៉ាត់ការត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងចាត់វិធានការចំពោះទីតាំងយានដ្ឋានកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេសគ្មានច្បាប់៕