(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពុទ្ធបរិស័ទ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញដង្ហែទៀនព្រះវស្សា ប្រគេនព្រះសង្ឃចំនួន ៧វត្ត និងជូនសាលាឆទាន ១ខ្នង ក្នុងស្រុកមណ្ឌលសីមា។

លោក ហាក់ ឡេង បានថ្លែងថា ការប្រគេនទានព្រះវស្សាដល់ព្រះសង្ឃ គឺបានបុណ្យកុសលដល់ឧបាសកឧបាសិកាគ្រប់ៗគ្នា ដូចនេះហើយពុទ្ធបរិស័ទមិនអាចចោលបានទេ ចំពោះទៀនព្រះវស្សានេះ ហើយយើងតែងតែដាក់ទៀនព្រះវស្សានេះជារៀងរាល់ឆ្នាំ នៅវត្តទាំងអស់ក្នុងស្រុកមណ្ឌលសីមា។ ការប្រគេនទៀនព្រះវស្សានេះ ជាការគោរពបូជា និងគាំទ្រយ៉ាងពេញទំហឹងលើពុទ្ធសាសនា ពីព្រោះតែពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដូចនេះយើងតែនាំគ្នាធ្វើយ៉ាងណាឱ្យសាសនារបស់យើងបានគង់វង្ស និងរីកចំរើនតទៅមុខទៀត។

លោក ហាក់ ឡេង បានបន្តថា ការនាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃនេះ អាចធ្វើទៅបានដោយយើងមិនអាចឃ្លាតឆ្ងាយពីសន្តិភាពបានទេ បើយើងគ្មានសន្តិភាពហើយបើស្ថិតនៅ ក្នុងរបបប៉ុលពតទៀតកុំថាឡើយ សាសនាព្រះពុទ្ធ សាសនាអ្វីក៏គ្មានដែរ ដូចនេះហើយដោយសារតែមានសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបធ្វើឱ្យប្រទេសយើងអាចកើតមានប្រពៃណីដ៏ស្រស់ផូរផង់របស់យើងឡើងវិញ ហើយក្រោមការដឹកនាំដ៏ឈ្លាវៃនេះហើយ ទើបធ្វើឱ្យយើងមានសន្តិភាព និងការអភិវឌ្ឍ ដែលកត្តាទាំងអស់នេះហើយ បានឱ្យវិស័យព្រះពុទ្ធសាសនា និងវិស័យផ្សេងៗ ទៀតបានរីកចំរើនគ្រប់វិស័យ និងធ្វើឱ្យជីវភាពរបស់នៅរបស់ប្រជាជនបានកាន់តែល្អប្រសើឡើង។

លោកបានបញ្ជាក់ថា ការនាំយកទៀនវស្សា និងទេយ្យទានយកមកប្រគេនព្រះសង្ឃនៅពេលនេះ ដើម្បីជាការលើកស្ទួយឱ្យប្រជាពលរដ្ឋកាន់តែ យល់ដឹងអំពីវិស័យព្រះពុទ្ធសាសនា ឱ្យមានការប្រសើរឡើងក្នុងការធ្វើបុណ្យទាន និងចូលរួមចំណែក ការកសាងសមិទ្ធផលផ្នែកវិស័យព្រះពុទ្ធសាសនា និងផ្នែកអាណាចក្រឲ្យបានរីកចម្រើនរុងរឿងផងដែរ៕