(ពោធិ៍សាត់)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានលើកឡើងថា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយរយៈពេល ២០ជាងមកនេះ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ ប្រកបអាជីវកម្ម ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ និងការរស់នៅប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្លូរ ដូច្នេះពលរដ្ឋទាំងអស់ត្រូវចូលរួមរក្សាសន្តិភាពនេះ ឱ្យបានយូរអង្វែង។

ការលើកឡើងបែបនេះបានធ្វើឡើងក្នុងឱកាសដែលលោក កែវ រ៉េមី អញ្ជើញជាអធិបតីភាព ក្នុងពិធីបាឋកថា ស្តីពីរួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ដែលរៀបចំធ្វើឡើង ដោយរដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក កែវ រ៉េមី បានថ្លែងយ៉ាងដូច្នេះថា៖ «កត្តាសុខសន្តិភាពបច្ចុប្បន្ននេះ មានសារៈសំខាន់ខ្លាំង ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាចូលរួមរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យនេះ ដែលធ្វើឱ្យប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ និងការស់នៅ»។

លោក កែវ រ៉េមី បានបន្តថា រាជរដ្ឋាភិបាលបានខិតខំដោះស្រាយណាស់នូវអ្វីដែលជាតម្រូវការប្រជាជនចង់បាន ខិតខំកសាងសមិទ្ធផលនានា និងបង្កឱកាសឱ្យសប្បុរសជន អង្គការ សមាគមចូលរួមកសាងសមិទ្ធផលផ្សេងៗរួមមានមន្ទីរពេទ្យវត្តអារាម សាលារៀន ដែលអាចជួយដោះស្រាយ តម្រូវការប្រជាពលរដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់កូនចៅ។ អ្នកដែលដើរតួសំខាន់ក្រៅពីរដ្ឋាភិបាល នៅក្នុងវិស័យអប់រំ គឺលោកគ្រូ អ្នកគ្រូ ដែលជួយកសាងប្រព័ន្ធអប់រំនៅកម្ពុជា។ នេះគឺជាគុណបំណាច់របស់លោកគ្រូ អ្នកគ្រូ មិនត្រឹមតែកសាងធនធានមនុស្ស ជួយឱ្យមនុស្សមានអនាគត មានចំណេះដឹងចំណេះធ្វើនោះទេ ប៉ុន្តែបានលើកស្ទួយប្រទេសជាតិយើងតាមរយៈការកសាងសមត្ថភាពមន្ត្រីអប់រំរបស់យើង។

ក្នុងពិធីនោះ លោក កែវ រ៉េមី បានថ្លែងថា ប្រទេសជាតិមានសន្តិភាព ហើយពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ ក្នុងការរស់នៅដោយមានការទទួលស្គាល់ ពីសហគមន៍អឺរ៉ុប និងអង្គការសហប្រជាជាតិ រាល់ថ្ងៃនេះ គឺដោយសារការឈ្លៀសវៃនៃការដឹកនាំប្រទេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

មេសិទ្ធិមនុស្សរូបនេះ បានគួសបញ្ជាក់ថា សម្ដេចតេជោ បានខិតខំតាំងពីប្រទេសជាតិ ស្ថិតនៅបាតដៃទទេរហូត ដល់មានការរីកចំរើនលើគ្រប់ផ្នែកគ្រប់វិស័យ ដែលធ្វើឱ្យពិភពលោកទទួលស្គាលការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយពលរដ្ឋមានសិទ្ធិពេញលេញ ក្នុងការរស់នៅការដើរហើរ ឬទេសចរណ៍ក្រៅស្រុកផងដែរ។

ជាមួយគ្នានោះ លោក កែវ រ៉េមី ក៏បានលើកឡើងថា ការអភិវឌ្ឍន៍កសាងប្រទេស វាកើតចេញគណបក្សប្រជាជនកម្ពុជា ដែលរួមកម្លាំង និងសាមគ្គីគ្នា ទើបទទួលបានជោគជ័យ ក្និងការកសាងប្រទេស ទើបមានថ្ងៃនេះ ហើយធ្វើឱ្យប្រទេសមួយចំនួន ក្នុងពិភពលោកចងភ្ជាប់ធ្វើបណ្តាលសេដ្ឋកិច្ចផងដែរ៕