(ក្រចេះ)៖ លោក យីត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៩នេះ បានដឹកក្រុមការងារគ្រូពេទ្យជំនាញ បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង ថែទាំ និងព្យាបាលជំងឺគ្រុនឈាមដល់គ្រូពេទ្យក្នុងខេត្តក្រចេះជាង ១៦០នាក់ នៅមន្ទិរសុខាភិបាលខេត្តក្រចេះ ក្នុងគោលបំណងបញ្ជ្រាបឲ្យកាន់តែដឹងបន្ថែមអំពីមុខសញ្ញា និងរោគសញ្ញា នៃការផ្ទុកជម្ងឺគ្រុនឈាមទាំងបិទមុខ និងបើកមុខ។

តាមរបាយការណ៍ទន្និន័យរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ករណីផ្ទុះជំងឺគ្រុនឈាមនៅទូទាំងប្រទេសកម្ពុជាមានចំនួនប្រមាណ ២ម៉ឺននាក់ និងអាចឈានដល់ទៅ ៥ម៉ឺននាក់ នេះបើតាមការប៉ាន់ប្រមាណរបស់ក្រសួងសុខាភិបាល តែកាស្លាប់មានចំនួន០.២% នៃចំនួនអ្នកកើតជំងឺគ្រុនឈាមនេះតែប៉ុណ្ណោះ។

លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ពីទិន្និន័យដែលកើតជំងឺគ្រុនឈាមនៅក្នុងខេត្តក្រចេះថា សប្ដាហ៍ទី២៨ ឆ្នាំ២០១៩នេះ កណីផ្ទុះជំងឺគ្រុនឈាម មានចំនួន ១,៤៧៧នាក់ ហើយបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៧នាក់ ហើយជំងឺនេះ បានកើតគ្រប់ស្រុកទូទាំងខេត្តក្រចេះ តំបន់ដែលផ្ទុះខ្លាំងជាងគេនៅឃុំឃ្សឹម ស្រុកស្នួល។

លោកអនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះកម្ពុជា និងប្រទេសមួយចំនួន កំពុងមានការផ្ទុះជំងឺគ្រុនឈាម តម្រូវឲ្យប្រជាពលរដ្ឋមានការយល់ដឹង និងការពារទប់ស្កាត់ នៃការទូទាត់ជំងឺគ្រុនឈាម ដោយសារជំងឺគ្រុនឈាមនេះ កាន់តែវិវឌ្ឍន៍ធ្វើឱ្យអ្នកជម្ងឺបាត់បង់ជីវិតភ្លាមៗ។

ក្នុងនោះ ប្រសិនបើកម្តៅកើនឡើង ៣៨.៥អង្សាសេ ហើយប្រើថ្នាំបញ្ចុះកំដៅហើយមិនចុះកម្ដៅ ក្នុងរយៈពេល ២ថ្ងៃ និងមានសញ្ញាសន្លឹម ឬកុមារឡេះឡះអស់កម្លាំង និងមានឈឺនៅក្នុងពោះ ដោយថ្លើមរីកធំ ត្រូវបញ្ជូនកុមារមកពីគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យនៅជិតផ្ទះជាបន្ទាន់។

ចំណុចដែលអាចជួយសមាជិក ដែលកើតជំងឺគ្រុនឈាមនេះបានលឿនទាន់ពេលវេលានោះ ក្រៅពីគ្រូពេទ្យ គឺអាណាព្យាលតែម្តងដែលនៅជិតជាប់អ្នកជំងឺ ហើយមិនត្រូវចេះតែផ្សំថ្នាំផ្តេសផ្តាសនោះទេ ព្រោះអាចបណ្តាលឲ្យប៉ះពាល់អាយុជីវិត ត្រូវពិនិត្យតាមដាន និងយល់ច្បាស់ពីស្ថានភាពរោគសញ្ញានៃជំងឺនេះ ដើម្បីបញ្ជូនអ្នកជំងឺមកសង្រ្គោះព្យាបាលបានទាន់ពេលវលា ហើយមិនត្រូវទុកអ្នកជំងឺចោលតែម្នាក់ឯកនោះទេ ព្រោះស្ថានភាពជំងឺនេះ មានការប្រែប្រួលយ៉ាងឆាប់រហ័ស ដូចនេះសូមប្រុងប្រយ័ត្ន និងរាយការណ៍ជូនពេទ្យជាបន្ទាន់ និងត្រូវចូលរួមការពារ សម្អាតបរិស្ថានលំនៅផ្ទះឲ្យពន្លឺចូលគ្រប់គ្រាន់ និងដាក់ថ្នាំអាប៊េតតាមទីតាំងដក់ទឹកផងដែរ។

នៅក្នុងពេលនោះលោកអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានចុះត្រួតពិនិត្យ និងសួរសុខទុកអ្នកជំងឺក្នុងមន្ទីរបង្អែកផងដែរ៕