(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋបាលខណ្ឌច្បារអំពៅ ចេញសេចក្តីជូនដំណឹងជាច្រើនលើកស្តីពី ការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេ១ ក្នុងភូមិសាស្ត្រ សង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅរួចមក ពេលនេះ គណៈបញ្ជាការឯកភាពខណ្ឌចាប់ផ្តើមអនុវត្តដោយម៉ឺងម៉ាត់បំផុត មិនបន្ធូរដៃឡើយ ព្រោះវាជាប្រយោជន៍រួមក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់ សាធារណៈឲ្យមានរបៀបរៀបរយតាមដងផ្លូវ និងលើកកំពស់សោភ័ណ្ឌភាពក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោក រស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌបានចាត់វិធានការរដ្ឋបាលចុះកាត់ស្លាកយីហោ កាត់សំយាបផ្ទះ ចំពោះម្ចាស់លំនៅដ្ឋាន ម្ចាស់តូបលក់ដូរណាដែលសាងសង់របង សាងសង់តូប ដាក់ស្លាកយីហោ និងធ្វើយ៉ាបរំលោភយកផ្លូវសាធារណៈ ត្រូវរុះរើចេញ និងកាត់តម្រឹម ដោយគ្មានការយោគយលតទៅទៀត។

ចំណាត់ការរដ្ឋបាលតឹងរ៉ឹងនេះធ្វើឡើង បន្ទាប់រដ្ឋបាលខណ្ឌចេញសេចក្តីជូនដំណឹងលើកទី២ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ដោយទុករយៈ៧ថ្ងៃឲ្យម្ចាស់ទីតាំងរុះរើដោយខ្លួនឯង។ មកដល់ពេលនេះមានរយៈពេលលើសឱសាន្តវាទ ៧ថ្ងៃហើយ ដោយឡែក ម្ចាស់ទីតាំងដែលសាងសង់រំលោភយកដីចំណីផ្លូវជាតិ មិនអនុវត្តតាមសេចក្តីជូនដំណឹងឡើយ ទើបធ្វើឲ្យគណៈបញ្ជាការឯកភាពខណ្ឌ ចាត់វិធានការរដ្ឋបាលចុះកាត់ចោលតែម្តង ដើម្បីអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងអោយមានប្រសិទ្ធភាព។

លោក ញាណ ច័ន្ទសោភា នាយករងរដ្ឋបាលសាលាខណ្ឌ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ នេះគណៈបញ្ជាការឯកភាពខណ្ឌ បានចាត់វិធានការរដ្ឋបាលចុះកាត់ស្លាកយីហោ កាត់សំយ៉ាបផ្ទះ ដែលសង់រំលោភមកលើដីចំណីផ្លូវ វិធានការរដ្ឋបាលនេះធ្វើឡើងបន្ទាប់ពីម្ចាស់ទីតាំងទាំនោះមិនអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ បានជូនដំណឹងចំនួន២លើក ថែមទាំងមានកំណត់ហេតុផ្តិតមេដៃទទួលស្គាល់ពីម្ចាស់ទីតាំងទៀតផង ផ្ទុយទៅវិញពេលគាត់ផ្តិតមេដៃអត់អនុវត្តនោះទេ ទើបគណៈបញ្ជាការឯកភាពខណ្ឌចាត់វិធានការរដ្ឋបាលតែម្តង។

ដោយឡែក លោក រស់ សុភក្តិ បានប្រាប់ដូច្នេះថា វិធានការរដ្ឋបាលនេះធ្វើឡើងបន្ទាប់ពីម្ចាស់ទីតាំងទាំងអស់ចូលរួមផ្តិតមេដៃក្នុងកំណត់ហេតុហើយ តែមិនព្រមអនុវត្តទើបគណៈបញ្ជាការឯកភាព ចុះវាកាត់ស្លាកយីហោ កាត់សំយ៉ាបផ្ទះ តែម្តងដោយមិនយោគយល់ឡើយ។ កិច្ចការនេះធ្វើតែ១ថ្ងៃមិនហើយទេ យ៉ាងហោចណាស់ក៏ត្រូវប្រើមួយសប្តាហ៍ដែរទើបរួចរាល់ កន្លែងដែលស្មុគ្រស្មាញជាងគេ គឺនៅក្នុងសង្កាត់វាលស្បូវ។

សូមបញ្ជាក់ថា កន្លងមកលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា គណៈបញ្ជាការឯកភាពខណ្ឌមិនដកថយទេ ទោះជាជួបនូវបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏ត្រូវចាត់វិធានការរដ្ឋបាលដែរ មិនមានការយោគយល់ទេព្រោះរដ្ឋបាលខណ្ឌបានជូនដំណឹងរួចហើយដែរ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានណែនាំឲ្យលោក លោកស្រី ជាចៅសង្កាត់ និងមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់លើការងារសណ្តាប់ធ្នាប់បន្ថែមទៀត៕