(ភ្នំពេញ)៖ ក្រុមហ៊ុនចំនួន៥ ដែលរកស៊ីពាក់ព័ន្ធព្រៃឈើ នឹងត្រូវដកអាជ្ញាប័ណ្ណចោលភ្លាមៗ បើសិនក្រុមហ៊ុនទាំងនោះ ត្រូវបានរកឃើញថា មានការជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើនាពេលកន្លងមក និងមកដល់ពេលបច្ចុប្បន្ននេះ។ នេះជាការបញ្ជាក់របស់មន្រ្តីជំនាញរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

នៅក្នុងវេទិកាសន្និសីទសារព័ត៌មានស្តីពី «វិធានការទប់ស្កាត់បទល្មើសព្រៃឈើ» នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល លោកឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ហាញថា នៅពេលនេះក្រុមមន្រ្តីជំនាញ បាននិងកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតទៅលើក្រុមហ៊ុនទាំងនោះ បើសិនរកឃើញមែននោះត្រូវដកអាជ្ញាប័ណ្ណតែម្តង។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា «បើក្រុមហ៊ុននោះធ្វើល្មើសច្បាប់ យើងនឹងដកអាជ្ញាប័ណ្ណ តែរង់ចំាការស៊ើបអង្កេតសិន បើយើងទៅបិតទៅគេ មិនទាន់ចប់ការស៊ើបអង្កេតនោះ មិនផ្តល់ភាពយុត្តិធម៌ទេ»

មន្រ្តីជំនាញមកពីក្រសួងបរិស្ថាន ក៏បានលើកឡើងថា ខណៈក្រុមការងារជំនាញរបស់គណៈកម្មាការចុះទៅស្រាវជ្រាវនោះ មានក្រុមហ៊ុនចំនួន៥ ដែលបង្ហាញពីតម្រុយ នៃការជាប់ពាក់ព័ន្ធបទល្មើស ព្រៃឈើ ខណៈក្រុមហ៊ុនមួយរកឃើញថា មិនជាប់ពាក់ព័ន្ធនោះឡើយ។

បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ក្រុមហ៊ុនទាំង៥នោះរួមមាន៖

*ទី១៖ ក្រុមហ៊ុន ម៉ាស្ទ័រខេសិន
*ទី២៖ ក្រុមហ៊ុន យ៉ាន់ចាវ
*ទី៣៖ ក្រុមហ៊ុន​ ថាច់វូដ
*ទី៤៖ ក្រុមហ៊ុន វិជ្ជរី
*ទី៥៖ ក្រុមហ៊ុន ណេងណា។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងតាមស្វែងរកជនសង្ស័យពាក់ព័ន្ធចំនួន៩នាក់ទៀត ខណៈដែលឈើខុសច្បាប់ចំនួន១៧០០ម៉ែត្រគូប ត្រូវបង្ក្រាបបាន ខណៈរថយន្តល្មើសជាង៤០គ្រឿង ដែលពាក់ព័ន្ធនឹងការដឹកឈើទាំងនោះ ត្រូវបានដកហូត ហើយក្នុងនោះមានរថយន្តចំនួន២៩គ្រឿង ត្រូវបានបំផ្លាញផងដែរ៕