(ពោធិ៍សាត់)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរសុខាភិបាលខេត្ត សាលាក្រុង និងមន្ទីរពាក់ព័ន្ធ បានរៀបចំយុទ្ធនាការបញ្ជ្រាបការយល់ដឹង ការពារជំងឺគ្រុនឈាម និងធ្វើអនាម័យបរិស្ថាន ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាម នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមជាង១០០នាក់ និង បានការចូលរួមពីលោក ខូយ រីដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត លោកស្រី សោម សិរីវឌ្ឍន៍ នាយិការងនាយកដ្ឋាន ធនធានមនុស្ស និងលោកស្រី លុយ កូឡាប អ្នកសម្របសម្រួលកម្មវិធីយុវជនកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ថ្នាក់កណ្តាល។

លោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានថ្លែងថា យុទ្ធនាការការពារ កាត់បន្ថយ និងទប់ ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាម ព្រមទាំងធ្វើអនាម័យបរិស្ថាន នៅក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ ពិតជាមានសារៈសំខាន់ ណាស់ ក្នុងការបំផុសចលនា និងនាំសារជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសយុវជន យុវនារី ទទួលបានការយល់ដឹងរួមគ្នា រក្សាការពារកុំឲ្យមានការផ្ទុះឡើង។ ដោយជំងឺគ្រុនឈាមផ្ទុះខ្លាំងខុសពីធម្មតា នៅគ្រប់ទីកន្លែងទូទាំងខេត្ត បណ្តាលឲ្យក្មេង និងមនុស្សចាស់មួយចំនួន មានជំងឺកំពុងសម្រាកព្យាលនៅតាមមន្ទីរពេទ្យនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ទីកន្លែងនោះ បានចាត់សាខាកាកបាទ ក្រហមកម្ពុជាខេត្ត និងស្ថាប័នពាក់ព័ន្ធ បានរៀបចំយុទ្ធនាការនេះឡើង ដើម្បីឲ្យប្រជាពលរដ្ឋបញ្ជ្រាប និងទទួលការយល់ដឹង មាន វិធានការការពារដោយខ្លួនឯង សំដៅធ្វើយ៉ាងណាបំបាត់ជម្រកមួសខ្លា តាមរយៈការគ្រប លាង ដាក់អាបេតក្នុងពាងទឹក សំអាត បរិស្ថានជំវិញផ្ទះ សម្រាកក្នុងមុង បើមានអ្នកជំងឺប្រញាប់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ដូចពាក្យថា គ្មានដង្គូវទឹក គ្មានមូសខ្លា និងគ្មានគ្រុនឈាម។

លោកបានលើកឡើងទៀតថា ផ្អែកតាមការណែនាំ ក៏ដូចវិធានការរបស់មន្ទីរសុខាភិបាលខេត្ត សូមឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសកម្មចូលរួមកំចាត់ដង្កូវទឹក ត្រូវធ្វើអនាម័យគ្រប់លំនៅដ្ឋាន គ្រប់គ្រងសំបកកង់ឡាន ឬវត្ថុផ្សេងៗពាសវាលពាសកាល ត្រូវប្រកាន់ភ្ជាប់រស់នៅស្អាត មិនត្រូវ អង្គុយនៅទីកន្លែងដែលងងិត។ បើយោងតាម សាររបស់ក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំឲ្យសាកល្បងការព្យាបាលដោយខ្លួនឯង វាអាច សម្លាប់បានគ្រប់ពេលវេលា ប្រសិនបើមានការធ្វេសប្រហែស និងហាមប្រើប្រាស់ថ្នាំប្រភេទអាស្ពីរីន។ យើងទាំងអស់គ្នា សូមចង ចាំថា កំទេចជម្រកមូសខ្លា បង្កាជំងឺគ្រុនឈាម គ្មានមូសខ្លា គ្រួសារ សហគមន៍សុខភាពល្អ មូសខ្លា ជាបញ្ហាសង្គមស្រឡាញ់ គ្រួសារ អ្នកត្រូវបំបាត់ជម្រកមូស ការពារប្រសើរជាងព្យាបាល។

ក្នុងនាមប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត សូមអំពាវនាវដល់គ្រប់ស្ថាប័ន ព្រះសង្ឃ និងប្រជាពលរដ្ឋមេត្តាបន្តផ្តល់ការគាំទ្រផ្សព្វផ្សាយ និងចូលរួមអនុវត្តឲ្យបានផុលផុសប្រកបដោយ ស្មារតីទទួលខុស ត្រូវខ្ពស់បង្ការការពារ កាត់បន្ថយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម ជាចំណែកមួយក្នុងការចូលរួម កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ សូមបញ្ជាក់ថា យុទ្ធនាការនេះក៏បានចូលរួមសម្អាតបរិស្ថាននៅតាមដងផ្លូវ មួយចំនួនក្នុងទីប្រជុំជនក្រុង និងដាក់ អាបែត ក្នុងពាងទឹក របស់ប្រជាពលរដ្ឋបានជាច្រើនកន្លែងផងដែរ៕