(ភ្នំពេញ)៖ មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងសម្ពោធសៀវភៅថ្មីមួយ អំពីបទពិសោធន៍អ្នករស់រានមានជីវិតពីការសម្លាប់រង្គាល នាអំឡុងសង្រ្គាមលោកលើកទី២ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅសាលសិល្បៈសហសម័យវិទ្យាស្ថានស្លឹករឹត នៅក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ។ពិធីនេះនឹងមានការអញ្ជើញចូលរួមពីលោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនឹងតំណាងស្ថានទូតអាមេរិក និងស៊ុយអែតប្រចាំនៅកម្ពុជា។

ការសម្ពោធសៀវភៅនេះ គឺជាការរំឭកដល់របបខ្មែរក្រហម ដែលបានដួលរលំអស់រយៈពេល៤០ឆ្នាំ និងស្របពេលជាមួយគ្នានឹងការបិទបញ្ចប់នៃការសម្លាប់រង្គាលនៅអ៊ឺរ៉ុបកាលពី៧០ឆ្នាំមុន ហើយក៏ដំណាលគ្នាទៅនឹងអនុសញ្ញាស្តីពីការបង្ការ និងការដាក់ទណ្ឌកម្មចំពោះបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលត្រូវបានអនុម័ត និងផ្តល់សច្ចាប័នដោយមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៤៨។

សៀវភៅប្រែសម្រួលជាខេមរៈភាសា កម្រាស់២០៦ទំព័រនេះ គឺជាសៀវភៅមុនដំបូងបង្អស់ដែលបានពន្យល់ និងបកប្រែពាក្យ «ហូឡូខសត៍» មកជាភាសាខ្មែរ ដែលមានន័យថា «បូជាភ្លើង»។

គួររំឭកថា ស្នាដៃនេះត្រូវបានបោះពុម្ពផ្សាយជាសាធារណៈលើកដំបូងជាភាសាស៊ុយអែត កាលពីឆ្នាំ២០១៧ ដោយអ្នកនិពន្ធឈ្មោះ ហេឌី ហ្វ្រាយ។ សព្វថ្ងៃនេះ លោកស្រី ហេឌី មានវ័យ៩៥ឆ្នាំ ហើយធ្វើជាអ្នកនិពន្ធ និងចិត្តវិទូជន ដែលបានរួចរស់ជីវិតពីការសម្លាប់រង្គាល នាអំឡុងសង្រ្គាមលោកលើកទី២(ពីឆ្នាំ១៩៤១ដល់ឆ្នាំ១៩៤៥) ដែលមានមនុស្សប្រមាណ៦លានស្លាប់បាត់បង់ជីវិត។
ពីរឆ្នាំក្រោយមក ស្នាដៃរបស់លោកស្រីត្រូវបានប្រែសម្រួលជាភាសាអង់គ្លេស មានចំណងជើងថា «សំណួរដែលបានសួរមកខ្ញុំអំពីការសម្លាប់រង្គាលនៅអ៊ឺរ៉ុប ដោយ អាលីស អ៊ី អ៊ុលស៊ុន ដែលជាអ្នកនិពន្ធ អ្នកប្រែសម្រួល និងនិពន្ធនាយក។

សៀវភៅដដែលនេះ ក៏ត្រូវបានប្រែសម្រួលបន្តពីភាសាអង់គ្លេសមកជាភាសាខ្មែរដោយ កញ្ញា សូវិចិត្រមេត្តា ដែលជាអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងជានិស្សិតទើបបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ។

មេត្តា បានពន្យល់ថា ៖ «សៀវភៅមួយនេះគឺជាសៀវភៅដំបូងបង្អស់ ដែលបានពន្យល់បង្ហាញអំពីទស្សនៈរបស់អ្នករួចរស់ជីវិតនៃការសម្លាប់រង្គាលទ្រង់ទ្រាយធំក្នុងរបបណាស៊ី អាល្លឺម៉ង់ ដែលស្រដៀងគ្នាទៅនឹងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែរ។ ជនរងគ្រោះរាប់លាននាក់ ត្រូវបានបំពាន បង្អត់អាហារ ធ្វើទារុណកម្ម និងសម្លាប់ក្រៅប្រព័ន្ធតុលាការ»

កញ្ញា បន្តថា អំពើប្រល័យពូជសាសន៍ គឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ហេតុនេះហើយ ការបង្រៀនមនុស្សជំនាន់ក្រោយអំពីអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល់ទ្រង់ទ្រាយធំ គឺមានគោលបំណងប្រឆំាងទប់ស្កាត់នឹងការរើសអើងជាតិសាសន៍ ជម្លោះជាតិពន្ធ និងអំពើប្រល័យពូជសាសន៍នាពេលអនាគត។

ក្នុងនាមជាកូន និងជាចៅរបស់ជីដូនជីតាដែលបានឆ្លងកាត់របបខ្មែរក្រហម សូវិចិត្រមេត្តា ចង់ឲ្យអ្នករួចរស់ជីវិតម្នាក់ៗកត់ត្រាទុករឿងរ៉ាវដែលមានភាពប្រាកដច្បាស់លាស់ដើម្បីបម្រើឲ្យការអប់រំ។ កញ្ញាឲ្យដឹងថា ៖ «ប្រវត្តិសាស្រ្តបន្ទាប់ពីប៉ុន្មានឆ្នាំទៅមុខទៀត អាចនឹងត្រូវបានជនខិលខូចបំភ្លៃហើយបាត់បង់ការពិត ប៉ុន្តែជាមួយនឹងឯកសារជាក់ស្ដែង ទោះបីជាលែងមានជនរងគ្រោះនៅសេសសល់ដើម្បីនិយាយប្រាប់ ក៏ប្រវត្តិសាស្រ្តនេះ មិនអាចត្រូវបាត់បង់ទៅណា ហើយអំពើឃោរឃៅក៏មិនអាចត្រូវគេបំភ្លេច។ ចំណែកជនរងគ្រោះដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌នោះ នឹងនៅតែមានក្នុងការចងចាំរបស់ពិភពលោកជានិច្ច»

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានជឿជាក់ថា មនុស្សជាតិគ្រប់គ្នាមិនត្រូវបំភ្លេចអំពើឧក្រិដ្ឋនោះឡើយ។ លោកនិយាយថា ៖ «យើងមានកាតព្វកិច្ចក្នុងការចងចាំ។ ការចងចាំនេះមិនមែនជាកាតព្វកិច្ចដែលត្រូវបានកំណត់នៅក្នុងដែនអនុសញ្ញារដ្ឋធម្មនុញ្ញ ឬច្បាប់ណាមួយឡើយ។ ផ្ទុយទៅវិញ វាគឺជាកាតព្វកិច្ចមួយដែលកើតឡើងពីការប្តេជ្ញាចិត្តរបស់មនុស្សចំពោះមនុស្សជាតិ។ ដូចជាព័ត៌មានទាំងអស់ដែរ ប្រវត្តិសាស្រ្តអាចត្រូវបានបំភ្លៃ ឬបំផ្លាញ និងលុបចោល ហើយដំណោះស្រាយតែមួយគត់ដើម្បីបង្ការបញ្ហាទាំងអស់នេះ គឺការប្ដេជ្ញាចិត្តរបស់បុគ្គលម្នាក់ៗក្នុងការចងចាំ»។

ឆាំង យុ ក៏ជាអ្នករួចរស់ជីវិតមួយរូបពីរបបខ្មែរក្រហម។ នាអំឡុងឆ្នាំ១៩៩៥ គាត់និងអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់មកពីសាកលវិទ្យាល័យ យ៉ែល នៅសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការប្រមូល និងរក្សាទុកឯកសារពាក់ព័ន្ធទៅនឹងរបបខ្មែរក្រហម។ មកទល់សព្វថ្ងៃ មជ្ឈមណ្ឌលបានរកឃើញឯកសារជាង១លាន២សែនទំព័រ ហើយប្រមាណពាក់កណ្តាលនៃឯកសារទាំងនោះ បានបម្រើជាភ័ស្តុតាងនៅសាលាក្តីខ្មែរក្រហម ឬអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ បន្ថែមពីនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាក៏បានរកឃើញរណ្តៅសាកសព២ម៉ឺនរណ្តៅ មន្ទីរសន្តិសុខឬគុក ប្រមាណ១០០ទីតាំង និងប្រវត្តិជនរងគ្រោះនិងជនដៃដល់ចំនួន៣ម៉ឺននាក់។

លោកបានពន្យល់ទៀតថា ៖ «ឯកសារសក្ខីកម្មទាំងនោះ នឹងត្រូវបានប្រើប្រាស់ជាសម្ភារសិក្សាស្រាវជ្រាវ និងបង្រៀន សម្រាប់ការចងចាំមួយដែលមិនលម្អៀង។ នៅក្នុងបរិបទនេះ ការចងចាំគឺមិនមែនជារឿងរ៉ាវឯកជនទៀតនោះទេ។ សាច់រឿងទាំងនោះ ក៏មិនអាចជាការចងចាំ ដែលមិនបង្ហាញចេញមកក្រៅ នៅស្ងៀមស្ងាត់ ឬមិនផា្លស់ប្តូរទៅរកអី្វដែលល្អប្រសើរនោះដែរ។ អ្នកដែលបានហែលឆ្លងកាត់ប្រវតិ្ដសាស្រ្ដទាំងឡាយ ត្រូវតែចែករំលែកចំណេះដឹងរបស់ខ្លួនទៅដល់មនុស្សជំនាន់ក្រោយ ហើយមនុស្សជំនាន់ក្រោយមានកាតព្វកិច្ចក្នុងការរៀនសូត្រ និងផ្សព្វផ្សាយចំណេះដឹងនេះជាបន្តបន្ទាប់។

ការចងចាំគឺជាការចាប់ផ្តើម និងជាសេចក្ដីបញ្ចប់ចំពោះបេសកកម្មក្នុងការស្វែងរកយុត្តិធម៌ សន្តិភាព និងការពិត។ ចំណែកកាតព្វកិច្ចក្នុងការចងចាំ គឺចាប់ផ្តើម និងបញ្ចប់ដោយបុគ្គលម្នាក់ៗ ធ្វើការសម្រេចចិត្តអំពីសារសំខាន់របស់ប្រវត្តិសាស្រ្ត មិនត្រឹមតែចំពោះខ្លួនឯងផ្ទាល់តែប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះមនុស្សជំនាន់ក្រោយឯទៀតដែរ»

បន្ថែមពីការចែកសៀវភៅជាង៣ពាន់ក្បាល មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បង្កើតឲ្យមានមាតិកាជាសាធារណៈជាទម្រង់សៀវភៅអេឡិចត្រូនិច ជាសំឡេង និងតាមបណ្តាញផ្សព្វផ្សាយសង្គម។ ការប្រែសម្រួលនេះ ទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត និងការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិប្រចាំនៅកម្ពុជា៕