(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅបន្ដ បានថ្លែងណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ នៃអាជ្ញាធរមីន ត្រូវបន្ដយកចិត្ដទុកដាក់បំពេញភារកិច្ច ដោយយកផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន ដែលបានខិតខំដឹកនាំមន្ត្រីជំនាញបំពេញបេសកកម្ម តាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំអាជ្ញាធរមីន រហូតទទួលបានលទ្ធផលតាមផែនការសកកម្មភាពគួរជាទីមោទនៈ។

ក្នុងកិច្ចប្រជុំនោះ ទេសរដ្ឋមន្រ្តី លី ធុជ និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអាជ្ញាធរមីនទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើជាតិមាតុភូមិ។

លោកក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ផងដែរដើម្បីឲ្យមន្ដ្រីទាំងអស់បន្ដបំពេញការងារទទួលបានជោគជ័យបន្ថែមទៀត រួមមាន៖

*ទី១៖ ស្នើឲ្យមន្រ្តីរាជការទាំងអស់ ត្រូវបន្តដើរតួជាអ្នកធ្វើ និងកែសម្រួលក្នុងការបំពេញការងារឲ្យបានកាន់តែប្រសើរ
*ទី២៖ រាល់បេសកកម្មដែលបានបំពេញ ត្រូវមានលទ្ធផលច្បាស់លាស់ មិនត្រូវមានការិយាល័យនិយម ហើយត្រូវសហការឲ្យបានល្អជាមួយដៃគូអភិវឌ្ឍន៍
*ទី៣៖ ត្រូវបន្តការអនុវត្តការងារឲ្យមានវិន័យ និងតាមឋានានុក្រម
*ទី៤៖ ត្រូវមានផែនការយុទ្ធសាស្រ្ត ក្នុងការអនុវត្តការងារ ដោយយកឧទាហរណ៍តាមទឹកទន្លេមេគង្គ មានគោលដៅច្បាស់លាស់បម្រើមនុស្សទូទៅ ដោយមិនរើសអើង និងពោរពេញដោយភាពអស្ចារ្យ
*ទី៥៖ ត្រូវចោទសួរខ្លួនឯងថា តើតួនាទីរបស់យើងបានបំពេញអ្វីខ្លះ សម្រាប់ជាតិ ត្រឹមត្រូវតាមរាជរដ្ឋាភិបាលប្រគល់ជូនដែរឬទេ?៕