(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការត្រួតពិនិត្យសិប្បកម្មកាត់ដេរសម្លៀកបំពាក់ និងសិប្បកម្មផលិតបំពង់បឺត២កន្លែង បន្ទាប់ពីធ្វើការស្រាវជ្រាវរកឃើញថា ទីតាំងទាំង២នេះ ស្ថិតនៅជាប់គ្នា ក្នុងភូមិចោមចៅ១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គ្មានស្លាកយីហោ និងបានដំណើរការផលិត និងធ្វើអាជីវកម្មដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ នាវេលាម៉ោង០៣៖១៥នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។

តាមប្រភពពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងដែលចុះទៅកាន់ទីនោះ រួមមានមន្រ្តីសាលាខណ្ឌ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ មន្រ្តីការិយាល័យបរិស្ថានខណ្ឌ នគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ អាជ្ញាធរសង្កាត់ចោម១ និងនគរបាលប៉ុស្តិ៍ចោម ចៅ ក្រោមការដឹកនាំដោយលោកអភិបាលរងខណ្ឌ ប៉ាង លីដា។

ប្រភពដដែលបានបន្តថា ខណៈពេលចុះទៅដល់បានត្រួតពិនិត្យឃើញថា សិប្បកម្មទាំង២ទីតាំងនោះ ដំណើរការយ៉ាងសកម្មបំផុត ប៉ុន្តែពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ រីឯស្លាកយីហោក៏គ្មានដែរ។ ប៉ុន្តែកម្លាំងមិនបានឲ្យផ្អាកសកម្មភាពផលិតឡើយ គឺនៅតែអនុញ្ញាតឲ្យបន្តដំណើរការផលិតដដែល។

តំណាងសិប្បកម្មកាត់ដេរសម្លៀកបំពាក់មានឈ្មោះ ខៀវ សុភនា ចំណែកឯតំណាងសិប្បកម្មផលិតទុយោបឺត មានឈ្មោះ វ៉ាន់ សម្បត្តិ ហើយពេលនោះ គណៈកម្មការចម្រុះខាងលើ បានសម្រេចអញ្ជើញម្ចាស់ឲ្យ ទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៩ ខែកក្កដា ខាងមុខ ដើម្បីបំពេញបែបបទសុំច្បាប់ធ្វើសិប្បកម្ម ឲ្យបានត្រឹមត្រូវមិនអនុញ្ញាតឲ្យដំណើរការដោយគ្មានច្បាប់ទម្លាប់ បែបនេះតទៅទៀតបានឡើយ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះទៅកាន់ទីនោះ បានធ្វើការណែនាំឲ្យម្ចាស់សិប្បកម្មទាំង២ គោរពច្បាប់ត្រូវបង្កើតច្រកសុវត្ថិភាព សម្រាប់ជម្លៀសកម្មករចេញ នៅពេលមានគ្រោះភ័យអាសន្នកើតឡើង។ ជាពិសេសត្រូវគិតគូរពីបញ្ហាសុខភាពសុវត្ថិភាពរបស់កម្មករ តាមរយៈកែលម្អបរិស្ថាន និងបរិយាកាសឲ្យបានល្អប្រសើរ និងត្រូវចូលរួមសហការណ៍ រាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរ ពេលមានហេតុការណ៍អ្វីមួយកើតឡើង ជាពិសេសហេតុការណ៍កើតឡើង លើកម្មករជាយថាហេតុណាមួយ៕