(សៀមរាប)៖ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងស្ដារប្រព័ន្ធបង្ហូរទឹកក្នុងបរិវេណប្រាសាទអង្គរវត្ត ដើម្បីសម្រួលលំហូរទឹកមុនរដូវវស្សាមកដល់ ខណៈការស្ដារបានធ្វើរួចរាល់ហើយនៅផ្នែកត្បូង និងផ្នែកខាងកើត ហើយក្រុមការងារកំពុងបន្តធ្វើនៅផ្នែកខាងជើង។

នារដូវប្រាំងកន្លងមកនេះ ប្រព័ន្ធបង្ហូរទឹកភ្លៀងក្នុងបរិវេណប្រាសាទអង្គរវត្តមានស្លឹកឈើជ្រុះធ្លាក់បង្កឱ្យមានកំណក និងធ្វើឱ្យស្ទះដល់ចរន្តទឹកនារដូវភ្លៀង។ ហេតុដូច្នេះហើយ ទើបក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាស្ដារកាយកំណកទាំងនោះចេញ។

គួររម្លឹកថា ការងារនេះជាសកម្មភាពប្រចាំថ្ងៃរបស់នាយដ្ឋានគ្រប់គ្រងទឹក ដែលក្រុមការងារបានអនុវត្តន៍ក្នុងរមណីយដ្ឋានអង្គរ។ នារយៈពេលដើមឆ្នាំ២០១៩នេះ ក្រុមការងារបានអនុវត្តនៅតាមគោលដៅមួយចំនួន ដូចជា នៅភូមិរហាលកាត់តាមមុខប្រាសាទបន្ទាយក្ដី ប្រាសាទតាព្រហ្ម និងប្រាសាទអង្គរវត្តជាដើម៕