(ភ្នំពេញ)៖ ការពិភាក្សាអំពីដំឡើងប្រាក់ឈ្នួលអប្បរមា ដល់កម្មករនយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នៅកម្ពុជា សម្រាប់ឆ្នាំ២០២០ បានចាប់ផ្តើមនៅក្នុងខែកក្កដានេះ ដោយនឹងធ្វើបន្តបន្ទាប់ រហូតដល់ខែតុលា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។

តាមសេចក្តីជូនដំណឹង បានឱ្យដឹងថា ការពិភាក្សាប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២០ ត្រូវអនុវត្តតាមដូចខាងក្រោម៖

* កំណត់យក ខែកក្កដា ឆ្នាំ២០១៩ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។
* កំណត់យក ខែសីហា ឆ្នាំ២០១៩ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បរមា ជាលក្ខណៈត្រីភាគី
* កំណត់យក ខែតុលា ឆ្នាំ២០១៩ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០
* កំណត់យកថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បរមា។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ, គ្រប់ភាគីទាំងអស់ ត្រូវប្រើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បរមា នៅកម្ពុជា។

គ្រប់ភាគីទាំងអស់ សូមផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយយោងលើលក្ខណវិនិច្ឆ័យទាំង៧ ដូចបានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមមួយ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បរមា ដល់កម្មករនិយោជិក ក្នុងវិស័យកាត់ដេរ ជារៀងរាល់ឆ្នាំមិនដែលខាន ចាប់តាំងពីឆ្នាំ២០១៣ រហូតមក។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងឆ្នាំ២០១៩នេះ បានកើនដល់ ១៨២ដុល្លារ នៅក្នុងមួយខែ ដែលឆ្នាំ២០២០ ខាងមុខនេះ អាចនឹងកើនឡើងមួយចំនួនថែមទៀត៕