(ពោធិ៍សាត់)៖ បុរសជាព្រូឡានម្នាក់ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ខណៈជនរងគ្រោះកំពុងឈរងចាំជាងមកជួសជុលរថយន្ត ស្រាប់តែមានរថយន្តមួយគ្រឿងទៀត បុកបណ្តាលឱ្យស្លាប់តែម្តង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១៖៤៥នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៩៩ និង២០០ ស្ថិតក្នុងភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ានដាយ បានខូច ហើយម្ចាស់រថយន្តបានឈប់ចត នៅលើផ្លូវជាតិលេខ៥ រងចាំជាងមកជួសជុល អស់រយៈពេលច្រើនម៉ោង។ ខណៈនោះក៏មានរថយន្ត១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបុកពីក្រោយរថយន្ត ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-2253 ដែលខូចឈប់នៅលើផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យព្រូឡានម្នាក់ស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង និងខូចម៉ូតូ២គ្រឿង ដែលម្ចាស់ដាក់នៅក្បែររថយន្តនោះ។

ក្រោយពេលកើតហេតុ អ្នកបើកបររត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្ត និងសាកសពបុរសរងគ្រោះ នៅហ្នឹងកន្លែងធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះដល់កន្លែងកើតហេតុតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ ថម ផល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ចំពោះអ្នកបើកបររថយន្ត គ្មានអ្នកណាម្នាក់បានស្គាល់អំពីអត្តសញ្ញាណរបស់គេនោះឡើយ រីឯរថយន្តទាំង២គ្រឿងសមត្ថកិច្ច យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕