(ស្វាយរៀង)៖ ជំងឺប៉េស្តជ្រូកអាហ្រ្វិកថ្វីត្បិតមិនប៉ះពាល់ដល់មនុស្ស យ៉ាងណាក៏ដោយ តែពលរដ្ឋ និងអាជីវករមួយចំនួន នៅខេត្តស្វាយរៀង បានងាកមកយកសាច់សត្វផ្សេងទៀតមកធ្វើម្ហូប ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិក ផ្ទុះឡើងនៅក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ប្រជាពលរដ្ឋ និងអាជីវករនៅក្រុងស្វាយរៀង បានលើកឡើងថា ពួកគាត់ឥឡូវមិនសូវទិញសាច់ជ្រូក យកមកធ្វើម្ហូបបរិភោគទេ ទោះបីជាខាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្តស្វាយរៀង បានធ្វើការផ្សព្វផ្សាយ ស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលកំពុងផ្ទុះឡើង នៅឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកមួយប្រភេទនេះ មិនអាចឆ្លងមកមនុស្សនោះទេ ហើយការព្រួយបារម្ភរបស់ព្រជាពលរដ្ឋ ជាហេតុធ្វើឱ្យអាជីវករលក់សាច់ជ្រូក និងតាមហាងលក់បាយគុយទាវមួយចំនួន ក្នុងខេត្តស្វាយរៀង ឈប់លក់សាច់ជ្រូក ប្តូរមកលក់សាច់គោសាច់មាន់ និងសាច់ត្រីជំនួសវិញជាដើម។

ក្រុមប្រជាពលរដ្ឋបានបន្តថា ចាប់តាំងពីគាត់ចាប់អាជីពជាអ្នកលក់បាយគុយទាវ គឺជាលើកទីមួយ ដែលគាត់លក់សាច់ជ្រូកចៀន មិនដាច់ហើយគ្មានអ្នកហូបសល់ស្ទើរតែរាល់ថ្ងៃ ភ្ញៀវដែលមកហូបបាយ និងកុម្ម៉ង់បាយសាច់ជ្រូកក៏ប្តូរមកហូបបាយសាច់គោ ព្រោះមួយរយៈនេះល្បីថា មានជំងឺប៉េស្តជ្រូកអាហ្រ្វិក ផ្ទុះឡើងនៅខេត្តស្វាយរៀងផង ហើយភ្ញៀវមកមួយចំនួនចេះតែខ្លាចជំងឺនេះ មិនហ៊ានបរិភោគសាច់ជ្រូក ដោយខ្លាចប៉ះពាល់ដល់សុខភាព ទើបធ្វើឱ្យពួកលក់មិនដាច់អេ (សល់) ស្ទើររាល់ថ្ងៃ។

អ្នកលក់បាយខាងលើបន្តទៀតថា កាលដើមឡើយនៅក្នុងមួយថ្ងៃៗ គាត់ទិញសាច់ជ្រូកយកមកប្រឡាក់ចៀនលក់ពី១០គីឡូក្រាម ទៅ១៥គីឡូក្រាម លុះមកដល់សព្វថ្ងៃដោយមានវត្តមានជំងឺប៉េស្តជ្រូកអាហ្រហ្វិកនោះ ការលក់បាយគុយទាវ មានការថយចុះជាលំដាប់រហូតដល់គាត់ សម្រេចចិត្តបញ្ឈប់លក់សាច់ជ្រូកតែម្តង។

អ្នកស្រីបញ្ជាក់ទៀតថា បើសិនជាជំងឺនេះ បានស្ងប់ស្ងាត់ទៅវិញ ហើយមានភ្ញៀវមករកទើបគាត់ហ៊ានលក់វិញបើមិន ដូច្នេះគឺសល់គ្មានអ្នកទិញហូបឡើយ។

ស្រដៀងគ្នានេះ ដែលអាជីវករជាអ្នកលក់សាច់គោសាច់ជ្រូក នៅផ្សារប្រសូត្របានប្រាប់ឱ្យថា កាលពីមុនពួកគាត់លក់សាច់ជ្រូកដាច់គួរសម ក្នុងមួយថ្ងៃអាចលក់អស់១០០គីឡូក្រាម ទៅជាង១០០គីឡូក្រាម ប៉ុន្តែមួយរយៈនេះ ដោយសារមានផ្ទុះ នូវជំងឺប៉េស្តជ្រូកអាហ្វ្រិក មកគាត់លក់សាច់តែ១០គីឡូក្រាម មិនអស់ផង។

គួររំលឹកថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបង្កឲ្យសត្វជ្រូកងាប់ងាយចម្លងទៅសត្វជ្រូកផ្សេងខ្លាំងណាស់ និងបណ្តាលឱ្យសត្វជ្រូកទាំងងាប់ ពុំមានថ្នាំព្យាបាលទេ ប៉ុន្តែតាមការប្រកាស របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទប្រកាសថា ចំពោះជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លងមកមនុស្សនោះទេ គឺឆ្លងតែសត្វជ្រូក៕

Advertising