(ក្រចេះ)៖ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ដែលជាគណៈកម្មការទី៤ នៃរដ្ឋសភា បានជំរុញឱ្យគណៈគ្រប់គ្រងខេត្តក្រចេះ ត្រូវផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

ការជំរុញនេះរបស់លោក ហ៊ុន ណេង បានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៅសាលប្រជុំសាលាខេត្តក្រចេះ។

លោក ហ៊ុន ណេង បានលើកឡើងថា គណៈកម្មការទី៤នៃរដ្ឋសភា បន្តចុះមកដល់ខេត្តក្រចេះនាពេលនេះ ក្នុងគោលបំណងសិក្សាស្វែងយល់ពីស្ថានភាព ភូមិសាស្ត្រ និងការរស់នៅរបស់ប្រជាពលរដ្ឋ ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការងារវិមជ្ឈការ-វិសហមជ្ឈការ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការងារអន្តោប្រវេសន៍ ការងារទំនាក់ទំនង និងគ្រប់គ្រងអង្គការសង្គមស៊ីវិល ការងារគ្រប់គ្រងពន្ធនាគារ និងដំណើរការវាយតម្លៃលើទណ្ឌិត ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោស។

លោកបានបន្តថា លើសពីនេះ ដើម្បីដឹងពីដំណើរការរបត់ការងារថ្មី តាមគម្រោងការងារនគរបាល និងសហគមន៍ ការគាំពារសង្គម តាមរយៈដំណើរការអនុវត្តកម្មវិធីសង្គហទានសង្គម ចំពោះស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ នៃគ្រួសារក្រីក្រ។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានរាយការណ៍បញ្ជាក់ អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើនព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក និងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ព្រមទាំងបញ្ហាប្រឈមនឹងសំណូមពរនានា ដែលរដ្ឋបាលខេត្ត បានជួបប្រទះកន្លងមក និងកំពុងបានខិតខំជំរុញការអភិវឌ្ឍន៍ជាប្រចាំផងដែរ។

លោក ហ៊ុន ណេង ក៏បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះខេត្តក្រចេះ ដែលបានធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ក៏ដូចជាការផ្តល់ សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដោយអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន តែងតែបានណែនាំឱ្យមន្ត្រីរាជការទាំងអស់ ខិតខំបម្រើប្រជាពលរដ្ឋទ្វេដង ឱ្យសក្តិសមនូវអ្វីដែល ប្រជាពលរដ្ឋផ្តល់សេចក្តីទុកចិត្ត។

លោកបានបន្ថែមទៀតថា ដូច្នេះមន្ត្រីទាំងអស់ត្រូវគិតថា ខ្លួនត្រូវធ្វើអ្វីបន្តទៀតសម្រាប់អាណត្តិនេះ និងត្រូវអនុវត្តតាមផែនការ៤ចំណុច គឺធ្វើឱ្យមានស្ថេរភាពនយោបាយ ធ្វើឱ្យកម្រិតជីវភាព ប្រជាពលរដ្ឋមានធូរធា តាមរយៈវិស័យកសិកម្ម កាត់បន្ថយភាពក្រីក្រ និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ទៅតាមសំណើសំណូមពរ បញ្ហាប្រឈមប្រចាំថ្ងៃ និងបញ្រ្ចាបការងារយល់ដឹងពីស្ថានភាពទូទៅ របស់សង្គម និងការមកទទួលសេវាផ្សេងៗ និងជាសំខាន់ត្រូវមានការ ប្រុងប្រយ័ត្នលើការងារ ធ្វើអត្តសញ្ញាណបណ្ណ ឬលិខិតឯកសារផ្សេងៗ ការងារគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន និងគោលនយោបាយភូមិឃុំ មានសុត្ថិភាពទាំង៩ចំណុច ហើយត្រូវចាំថា មន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋ គឺជាអ្នកទទួលសេវា ។

គួរបញ្ជាក់ដែរថា គណៈកម្មការទី៤នៃរដ្ឋសភា នឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៤ គណៈកម្មការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាកម្ពុជា ឡាវ វៀតណាម នឹងប្រារព្ធធ្វើពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ ក្រោមប្រធានបទ «តួនាទី ភារកិច្ចក្នុងការពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាប្រទេសទាំងបី ក្នុងការកសាងសហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព»៕