(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ យកគ្រឿងចក្រចុះស្តារភក់ ល្បាប់ សំរាម កាកសំណល់រឹង ចេញពីក្នុងប្រឡាយ ដើម្បីបង្ហូរទឹកលូសម្អុយចេញឱ្យបានលឿន ជាពិសេសពេលមានភ្លៀងធ្លាក់មកម្តងៗ។

វត្តមានអញ្ជើញដល់លើមាត់លូ ប្រឡាយដែលគ្រឿងចក្រកំពុងកាយ លោកអភិបាលខណ្ឌសែនសុខ បានជំរាបទៅបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅស្ថានក្បែប្រឡាយថា បងប្អូនត្រូវនាំគ្នាចូលរួមថែរក្សារបរិស្ថានទាំងអស់គ្នាជាពិសេស គឺកុំចោលសំរាមចូលក្នុងលូ កុំចាក់ដីចូលមាត់ប្រឡាយ ហើយសំរាមមិនត្រូវចោលក្នុងលូជាដាច់ខាត ដូចជាប្រភេទស្បោងកៅស៊ូ ប្លាស្ទីក សំណល់រឹងជាដើម។

សូមបញ្ជាក់ថា ការនាំយកគ្រឿងចក្រ ចុះកាយស្តារប្រព័ន្ធប្រឡាយលូមេនេះ ស្ថិតនៅក្នុងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស NTTI។ ក្នុងគោលបំណង ដើម្បីជួយរំដោះទឹកចេញពីក្នុងភូមិដែលជាកន្លងកកកស្ទះ នាំឱ្យមានការលិចលង់នៅ ពេលមានៅពេលមានភ្លៀងមកម្តងៗ។ ជាពិសេសនៅក្នុងភូមិសាស្ត្រ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីរំដោះនាំទឹកចឹញពីតំបន់នោះ ទៅស្ថានីយ៍បូមទឹកបុរី១០០ខ្នង។

លោក ម៉ូវ ម៉ានិត បានបញ្ជាក់ថា ការងារស្តារប្រឡាយលូនេះ នឹងត្រូវធ្វើឡើងជាប្រចាំដោយមិនកំណត់ថ្ងៃនោះទេ៕