(ព្រះវិហារ)៖ អាជ្ញាធរស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចុះបិទទីតាំងលក់ដូរ និងចាក់ថ្នាំខុសច្បាប់ ចំនួន៤ទីតាំង ដោយដកហូតឱសថផុតសុពលភាពបាន ចំនួន៤៦មុខ។ សកម្មភាពនេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារលោកបានចុះពិនិត្យ និងបិទបញ្ឈប់ការលក់ដូរ និងចាក់ថ្នាំខុសច្បាប់ ស្ថិតនៅមូលដ្ឋានឃុំកន្តួត និងឃុំស្រអែម បានចំនួន៦ករណី។

ក្នុងនោះបានបិទបញ្ឈប់នៅឃុំស្រលើម ចំនួន ៤ករណី ដែលមានម្ចាស់ទីតាំងឈ្មោះ ស៊ុ ថាវី, ប៊ុល សាវី, គាបូរី, និងប៊ូ សីលា និងនៅឃុំកន្តួតបាន ២ករណី ដែលមានម្ចាស់ទីតាំងឈ្មោះ ស៊ុ ម៉ាប់ និងព្រំ សិទ្ធសុគន្ធ។

លោក ជា គីមេង បានបន្តថា ក្នុងការចុះបិទឱសថក្លែងក្លាយនោះ ក្រុមការងារក៏បានដកហូតឱសថ ហួសសុពលភាពប្រើប្រាស់ ចំនួន ៤៦មុខផងដែរ ដើម្បីយកមករក្សាទុក នៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។ ក្រុមការងារ ក៏កំពុងដំណើការបិទ កន្លែងលក់ថ្នាំព្យាបាល ដោយគ្មានកាអនុញ្ញាត ក្នុងស្រុកជាំក្សាន្តជាង ២០កន្លែងទៀតផង។

ជាមួយគ្នានេះ លោកក៏បាននាំយកថវិកា សប្បុរសជន និងលោកផ្ទាល់ចំនួន ២លានរៀល ជូនដល់យុវសិស្សក្រីក្ររងគ្រោះដោយសារប្រើថ្នាំហូសឌើទ្បេ ដែលមានម្តាយទីទាល់ក្រ។ ចំណាត់ការរបស់អាជ្ញាធរខាងលើនេះ បានធ្វើឡើងភ្លាមៗ ជាការឆ្លើយតបទៅនឹងហេតុការណ៍យុវជនម្នាក់បានរងគ្រោះ ប៊ឹះស្លាប់ ដោយសារតែគ្រូពេទ្យបានប្រើថ្នាំហួសកាលបរិច្ចេទ៕