(កំពង់ធំ)៖ ក្នុងពិធីបើកសិក្ខាសាលាជាតិ ស្តីពីការពិនិត្យសេចក្តីព្រាងចុងក្រោយ ផែនទីតំបន់រសើបខេត្តកំពង់ធំ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត បានលើកឡើងថា ផែនទីរសើបខេត្ត ដែលហៅថា Provincial Hotspot Maps ជាផែនទី ដែលបានបង្ហាញឲ្យឃើញនូវតំបន់រសើប ដែលជាតំបន់ងាយរងគ្រោះ ក្នុងការបាត់បង់ដោយសារមូលហេតុផ្សេងៗ ដែលតម្រូវឲ្យយើងទាំងអស់គ្នា ជាពិសេសអាជ្ញាធរមូលដ្ឋាន អង្គភាពជំនាញនិងកងកម្លាំងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការពារ អភិរក្ស និងកែលម្អរតំបន់ទាំងនោះ ឲ្យបានល្អប្រសើរឡើងវិញ។

លោកបានបន្ថែមទៀតថា គោលបំណងសំខាន់ នៃសិក្ខាសាលានេះ គឺដើម្បីឆ្លងសេចក្តីព្រាងផែនទីតំបន់រសើបខេត្តកំពង់ធំ ដែលក្រុមការងារបានរៀបចំរួច សម្រាប់ជូនដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ នៅថ្នាក់ក្រោមជាតិ ជួយពិនិត្យ ផ្តល់យោបល់ កែសម្រួល ដើម្បីឲ្យមានការឯកភាពគ្នា ស្របតាមគោលការណ៍នៃការចូលរួមប្រកបដោយតម្លាភាព ក្នុងការរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ ក្នុងការរួមចំណែក ដល់ការគ្រប់គ្រងបានគ្រប់ជ្រុងជ្រោយ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងសមធម៌ ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្ត និងឯកសារណែនាំអនុវត្តស្តីពី ការរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ ដែលក្រុមហ៊ុន SBK Research and Development Co., Ltd ទទួលបានសិទ្ធិចុះកិច្ចសន្យាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការផ្តល់សេវាកម្មសិក្សារៀបចំកសាងផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ និងស្នើដល់មន្ទីរអង្គភាពជំនាញពាក់ព័ន្ឋនានា ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ត្រូវខិតខំបន្តសហការជាមួយក្រុមហ៊ុន SBK រួមជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងអ្នកពាក់ព័ន្ឋទាំងអស់ក្នុងការអនុវត្តសកម្មភាពនេះ។

លោក ឈឹម សុគន្ឋ នាយកគម្រោងថ្នាក់ជាតិ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកទទួលខុសត្រូវ លើការកសាងផែនការប្រើប្រាស់ដីនៅក្នុង ឃុំ សង្កាត់ ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តជាសេនាធិការ សំដៅធានាឲ្យមានការប្រើប្រាស់ដី និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចប្រកបដោយចីរភាពនិងសមធម៌។

លោកបន្តទៀតថា អង្គភាពអនុវត្តគម្រោងថ្នាក់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាផ្នែកមួយរបស់គម្រោង ក្នុងការទទួលខុសត្រូវលើលទ្ធផលទី២ អំពីការធ្វើឲ្យប្រសើរតំបន់ប្រើប្រាស់ដីកសិកម្ម រួមទាំងការបញ្ចូលការវិភាគក្សេត្របរិស្ថានឃុំ សង្កាត់ ដែលបានរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅក្នុងផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ ដែលជាគោលការណ៍ណែនាំរបស់គម្រោង។

សូមជម្រាបថា កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំអង្ករ (Rice-SDP) នេះ កំពុងអនុវត្តនៅខេត្តគោលដៅចំនួន៣គឺ ខេត្តកំពង់ធំ ខេត្តបាត់ដំបង និងខេត្តព្រៃវែង។ ដោយឡែកខេត្តកំពង់ធំ កំពុងអនុវត្តក្នុង៣០ឃុំ/សង្កាត់គោលដៅ ដែលមានក្រុងស្ទឹងសែន ស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកបារាយណ៍៕