(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយ លោកឧត្តមសេនីយ៍ទោ LU WEN នាយកមហាវិទ្យាល័យគ្រប់គ្រង នៃសាកលវិទ្យាល័យការពារជាតិ កងទ័ពរំដោះប្រជាជនចិន ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ច នៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០។

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារប្រកបដោយភាពស្និតស្នាលនេះ ធ្វើឡើងដើម្បីទំនាក់ទំនងល្អនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ចិន និយាយជារួម និងបង្កើនចំណងសាមគ្គីភាពជាមួយកងពលតូចលេខ៧០។

ជាពិសេសកងពល ក៏បានទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់សមយុទ្ធនាគមាសឆ្នាំ២០១៨ នៅទីលានបាញ់គ្រាប់ពិតតេជោសែនភ្នំធំម្រះព្រៅ ក្នុងខេត្តកំពង់ស្ពឺនិងសមយុទ្ធនាគមាសឆ្នាំ២០១៩ នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគីរី ខេត្តកំពត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានជម្រាបជូនប្រតិភូចិន ពីអ្វីដែលជាសមិទ្ធផលសំខាន់ៗ ដែលកងពលតូចលេខ៧០សម្រេចបានផងដែរ ដើម្បីជាការចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ ក្នុងភាពជាមិត្ត និងបងប្អូនដ៏ល្អរវាងគ្នានិងគ្នា៕