(ភ្នំពេញ)៖ អង្គភាពគយ និងរដ្ឋាករកម្ពុជា បាននឹងកំពុងរៀបចំនីតិវិធីច្បាប់ ដើម្បីធ្វើយ៉ាងណាបញ្ជូនកាកសំណល់សំរាមដែលនាំចូលមកកម្ពុជា ឲ្យត្រឡប់ទៅប្រទេសដើមវិញ និងបានធ្វើការអញ្ជើញខាងក្រុមហ៊ុនដែលនាំចូលមកទទួលការផាកពិន័យ។ នេះបើយោងតាមសមត្ថកិច្ចពាក់ព័ន្ធថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ថា កុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាកសំណល់សំរាមដែលគេបោះចោលលួចនាំមកពីបរទេសចូលកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការបង្ក្រាបបានជាបន្ដបន្ទាប់ នៅខេត្តព្រះសីហនុ។

ក្រោយបង្ក្រាបបានក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអាជ្ញាធរខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បានសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែងតែម្ដងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ ខណៈដែលនេះជាលើកទី១ហើយ នៃការនាំចូលសំរាមមកពីបរទេស តែត្រូវសមត្ថកិច្ចបង្ក្រាបបានទាន់ពេល៕