(ភ្នំពេញ)៖ ធនាគារកាណាឌីយ៉ា សម្រេចផ្ដល់កម្ចី២០លានដុល្លារដល់ គម្រោង «កម្ចីហិរញ្ញប្បទានសហគ្រិនស្រ្ដីវៃឆ្លាត» របស់សមាគមសហគ្រិនស្រ្ដីកម្ពុជា។

នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ធនាគារកាណាឌីយ៉ា និងសមាគមស្រ្ដីកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា លើគម្រោងហិរញ្ញប្បទាននេះ។

ការផ្ដល់កម្ចី២០លានដុល្លារសម្រាប់គម្រោង «កម្ចីហិរញ្ញប្បទានសហគ្រិនវៃឆ្លាត» នេះ ជាការបោះជំហានទៅមុខយ៉ាងល្អ ក្នុងការផ្ដល់នូវអត្រាការប្រាក់ទាប សម្រាប់កម្ចីមុខជំនួញរបស់សហគ្រិនស្រ្ដី ដោយគិតអត្រាការប្រាក់ទាបត្រឹមតែ៧.៨% ក្នុង១ឆ្នាំ ការប្រើកាតក្រេឌីតក្នុងកម្រិត៥ពាន់ដុល្លារ, ការប្រើប្រាស់វីសាកាតរហូតដល់រយៈពេល៣៦ខែ, ការផ្ដល់ឲ្យមិនគិតថ្លៃសៀវភៅធនាគារប្រចាំខែ, ការផ្ទេរប្រាក់ក្នុងតំបន់ដោយមិនគិតថ្លៃប្រចាំខែ, ការគិតកម្រៃសេវាផ្ញើប្រាក់ទៅក្រៅប្រទេសទាប (០.០៥% ក្នុងមួយប្រតិបត្តិការ), ការមិនគិតថ្លៃសេវាលើការបើកប្រាក់បៀវត្សបុគ្គលិក និងផ្សេងៗជាច្រើនទៀត។

លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានសម្ដែងការអបអរសាទរ ចំពោះសមាគមសហគ្រិនស្រ្ដីកម្ពុជា សម្រាប់ការខិតខំប្រឹងប្រែង និងការចូលរួម ដើម្បីកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ប្រកដោយចីរភាព តាមការអភិវឌ្ឍន៍សហគ្រិនភាពរបស់ស្រ្ដី និងថ្លែងអំណរគុណចំពោះធនាគារកាណាឌីយ៉ាង ចំពោះការយកចិត្តទុកដាក់ ក្នុងការចូលរួមចំណែកលើកកម្ពស់ ក្នុងការពង្រឹងភាពអង់អាច ផ្នែកសេដ្ឋកិច្ចរបស់ស្រ្ដី ពិសេសផ្ដោតលើកិច្ចសហការ ក្នុងការទទួលខុសត្រូវផ្នែកសង្គម។

លោកស្រីបន្ដថា ការផ្ដល់ភាពអង់អាចដល់ស្រ្ដីជាយុទ្ធសាស្រ្ដឈ្នះឈ្នះ ដែលរាជរដ្ឋាភិបាលប្រទេសកម្ពុជា អនុញ្ញាតឲ្យក្រសួងកិច្ចការនារីចាប់ផ្ដើមអនុវត្តន៍ ដែលហៅថា ផ្ដល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្ដីនេះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ស្រ្ដី និងក្រុមគ្រួសាររបស់ពួកគេ។

លោក ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា បានឲ្យដឹងថា ធនាគារកាណាឌីយ៉ាមានក្ដីរីករាយយ៉ាងខ្លាំង ដោយបានផ្ដល់ការឧបត្ថម្ភ គាំទ្រដល់សមាគមស្រ្ដីសហគ្រិនកម្ពុជា ជារៀងរាល់ឆ្នាំ ចាត់តាំងពីឆ្នាំ២០១៣ រហូតដល់ពេលបច្ចុប្បន្ននេះ។

លោកបន្ថែមថា ពេលនេះស្ថាប័នទាំង២ បានធ្វើសហប្រតិបត្តិការឈានដល់ការចុះ MoU លើគម្រោងកញ្ចប់ហិរញ្ញប្បទាន២០លានដុល្លារ។

លោកបន្ដថា ដោយសំលឹងឃើញពីការចូលរួមសំខាន់ៗ របស់សហគ្រាសធុនតូច និងមធ្យម (SME) នៅដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ធនាគារកាណាឌីយ៉ា បានចាត់យកផ្នែក SME ជាផ្នែកយុទ្ធសាស្រ្ដគន្លឹះ និងបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ខ្លួន តាមតម្រូវការផ្នែកហិរញ្ញវត្ថុ ដល់សហគ្រាសធុនតូច និងមធ្យម ពិសេសគឺទុនប្រើប្រាស់ក្នុងអាជីវកម្ម និងការពង្រីកអាជីវកម្មរបស់ SME។

លោកស្រី អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានឲ្យដឹងថា ក្នុងនាមសហគ្រិនស្រ្ដី ពិតជាមានក្ដីរីករាយយ៉ាងខ្លាំង ចំពោះការផ្ដល់ការគាំទ្រពីធនាគារកាណាឌីយ៉ា ក្នុងការផ្ដល់ហិរញ្ញប្បទានលើគម្រោង «កម្ចីហិរញ្ញប្បទានស្រ្ដីវៃឆ្លាត ក្នុងកញ្ចប់២០លានដុល្លារ» នេះ។

លោកស្រីបន្ដថា កន្លងមកការស្វែងរកកម្ចីក្នុងអត្រាការប្រាក់ទាប មានការលំបាក់ដល់ស្រ្ដី ដែលទាំងនេះ ជាបញ្ហាធ្វើឲ្យស្រ្ដីពិបាកក្នុងការរក្សា និងពង្រីកអាជីវកម្មរបស់ខ្លួន។

លោកស្រីបានបញ្ជាក់ថា «ខ្ញុំសូមអរគុណដល់ធនាគារកាណាឌីយ៉ា ក.អ ដែលបានរៀបចំគម្រោងដ៏ល្អនេះ ឲ្យលេចចេញជារូបរាងឡើង។ ការផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ មានត្រឹម៧.៨%ក្នុង១ឆ្នាំដោយអត្រាការប្រាក់ទាបបែបនេះ កន្លងមកយើងទទួលបាន ក្នុងករណីដែលមានអាជីវកម្មធំ ឬជាសាជីវកម្ម»៕