(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការបង្ក្រាបគ្រឿងញៀន បានណែនាំឱ្យម្ចាស់អាជីវកម្ម សប្បាយដ្ឋាន ក្លឹបកម្សាន្តទាំងអស់ក្នុងខេត្ត ចូលរួមចំណែកសហការជាមួយ សមត្ថកិច្ចជំនាញ ដើម្បីលុបបំបាត់គ្រឿងញៀន។

លោកអភិបាលខេត្ត បានថ្លែងណែនាំម្ចាស់អាជីវកម្មដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយដកពិសោធន៍នៃការបង្ក្រាប ការជួញដូរ ការចែកចាយ ការប្រើប្រាស់គ្រឿងញៀន ធ្វើឡើងនារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ នៅសាលាខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បន្តថា គ្រឿងញៀន គឺជាឧបសគ្គនៃការអភិវឌ្ឍន៍សង្គមជាតិ ហេតុនេះហើយបានជារាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងយកចិត្តទុក្ខដាក់ ទប់ស្កាត់ និងលុបបំបាត់ឲ្យអស់ នូវការចែកចាយ ការប្រើប្រាស់គ្រឿងញៀននេះឲ្យអស់ពីប្រទេសកម្ពុជា។ ជាមួយគ្នានោះ លោកអភិបាលខេត្ត បានជំរុញដល់គណៈកម្មការឲ្យមាន ការយកចិត្តទុក្ខដាក់អនុវត្តន៍ នៅកិច្ចការខាងលើឲ្យមានប្រសិទ្ធិភាពខ្ពស់ សំដៅធ្វើយ៉ាងណាលុបបំបាត់កុំឲ្យមានការចរាចរ ការចែកចាយនិងការប្រើប្រាស់គ្រឿងញៀននៅ ក្នុងមូលដ្ឋានរបស់ខ្លួន។

លោក អ៊ុន ចាន់ដា ក៏សូមស្នើប្រជាពលរដ្ឋ ជាពិសេសម្ចាស់ក្លឹបកម្សាន្ត និងសប្បាយដ្ឋាននានា នៅក្នុងខេត្តកំពង់ចាម ត្រូវចូលរួមសហការឲ្យបានល្អជាមួយអាជ្ញាធរពាក់ព័ន្ធ និងសមត្តកិច្ចជំនាញ ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀន និងរួមចំណែកនាំមក ភាពសុខក្សេមក្សាន្តរបស់កូនចៅ ព្រោះថាភាគច្រើននៃអ្នកដែលប្រើប្រាស់ និងចែកចាយគ្រឿងញៀន គឺចេញពីយុវជនក្មេងៗនេះតែម្តង។

លោកអភិបាលខេត្ត ក៏បានថ្លែងហាមដល់មន្ត្រីមានសមត្ថកិច្ច សូមកុំឱ្យមានពាក់ព័ន្ធបញ្ហាគ្រឿងញៀន ពុំដូច្នោះទេត្រូវទទួលទោស ទៅតាមច្បាប់ជាធរមានផងដែរ៕