(តាកែវ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខមេរភូមិន្ទ និងលោកស្រី ខៀវ បុប្ផាផល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំទានព្រះវស្សា ទេយ្យទាន និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៩វត្ត នៅក្រុងដូនកែវ ខេត្តតាកែវ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ការប្រគេនទានព្រះវស្សាដល់ព្រះសង្ឃ នេះគឺជាការគោរពបូជា និងគាំទ្រយ៉ាងពេញទំហឹងលើពុទ្ធសាសនា ពីព្រោះតែពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដូចនេះយើងតែងតែនាំគ្នាធ្វើយ៉ាងណា ឱ្យសាសនារបស់យើងបានគង់វង្ស និងរីកចម្រើនតទៅមុខទៀត។

នាយឧត្តមសេនីយ៍ បានបន្តថា ការនាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃនេះ អាចធ្វើទៅបានដោយយើង មិនអាចឃ្លាតឆ្ងាយពីសន្តិភាពបានទេ បើយើងគ្មានសន្តិភាព ហើយបើស្ថិតនៅក្នុងរបបប៉ុលពតទៀត កុំថាឡើយសាសនាព្រះពុទ្ធ សាសនាអ្វីក៏គ្មានដែរ ដូចនេះហើយដោយសារតែមានសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបធ្វើឱ្យប្រទេសយើងអាចកើតមានប្រពៃណីដ៏ស្រស់ផូផង់របស់យើងឡើងវិញ ហើយក្រោមការដឹកនាំដ៏ឈ្លាវៃនេះហើយ ទើបធ្វើឱ្យយើងមានសន្តិភាព និងការអភិវឌ្ឍ ដែលកត្តាទាំងអស់នេះ បានឱ្យវិស័យព្រះពុទ្ធសាសនា និងវិស័យផ្សេងៗទៀតបានរីកចម្រើនលើគ្រប់វិស័យ និងធ្វើឱ្យជីវភាពរបស់នៅរបស់ប្រជាជនបានកាន់តែល្អប្រសើរឡើង។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសំដែងនូវការកោតសរសើរ ចំពោះអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋានសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ និងព្រះសង្ឃ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានរួមសាមគ្គី សហការគ្នាយ៉ាងល្អ ក្នុងការកសាងមូលដ្ឋាន ជាពិសេសទីអារាមវត្តឈើទាលទងត្រា និងវត្តផ្សេងៗទៀត ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ទៀតថា ថ្វីត្បិតតែនាយ ពលទាហាន គ្រប់អង្គភាព ជាប់ភារកិច្ចមមាញឹកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណ: និងភារកិច្ចការពារបូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងភូមិសាស្ត្រក្នុងប្រទេស និងនៅឯតំបន់ព្រំដែនយ៉ាងណាក៏ដោយ តែកងយោធពលខេមរភូមិន្ទ មិនដែលអាក់ខានម្តងណាឡើយពីការផ្សារភ្ជាប់ទៅ និងវិស័យពុទ្ធចក្រ ជាពិសេសនៅទីវត្តនានា ដែលនៅជិតមូលដ្ឋានកងទ័ពនោះទេ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសំណូមពរដល់ព្រះសង្ឃវត្តទាំង៩ ក្នុងក្រុងដូនកែវ យអប់រំណែនាំទៅតាមផ្លូវពុទ្ធចក្រ ដល់ពុទ្ធបរិស័ទទាំងអស់ ឱ្យចេះរួបរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ ប្រព្រឹត្តិតែអំពើល្អ សុច្ចរិត ចេះជួយគ្នាគ្រប់គ្រាលំបាក ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ចូលរួមការពារសន្តិភាព និងសមិទ្ធិផលទាំងឡាយ ដែលកើតចេញពីការខិតខំដោយលំបាក ក្នុងរយៈពេលជាង ៤០ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមិនត្រូវជឿលើកាញ៉ុង ការភូតកុហក បោកប្រាស់របស់ក្រុមជ្រុលនិយម នៃអតីតបក្សប្រឆាំងដែលរុញច្រាននាំឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយ ជាដាច់ខាត។

វត្តទាំង៩ ដែលនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាំយកទៅវេរប្រគេនរួមមាន៖ វត្តឈើទាលទងត្រា, វត្តបារាយណ៍, វត្តតុំ, វត្តទួលរវៀង, វត្តអង្គចង្អេរ, វត្តអង្គត្នោត, វត្តធន់មន់, វត្តព្រៃផ្អាវ និងវត្តអង្គសមាធិ ក្នុងមួយវត្ត ទទួលបានទានព្រះវស្សា ១គូរ, មី ៤កេស, ទឹកបរិសុទ្ធ ៤កេស, ទឹកក្រូច ៤កេស, ត្រីខ ៤យួរ, នំធុង ៤ធុង, ទឹកត្រីទឹកស៊ីអ៊ីវ ៨យួរ, ក្រៅពីនោះមានទឹកដោះគោ តែ ស្កស ព្រមទាំងគ្រឿងឧបភោគ បរិភោគ។

បន្ថែមពីនេះ ដើម្បីគិតគូរដល់កង្វះខាតរបស់ព្រះសង្ឃដែលគង់ចាំព្រះវស្សា និងចូលរួមកសាងទីអារាម នាយឧត្តមសេនីយ៍ បានប្រគេនបច្ច័យកសាង ៨០ម៉ឺនរៀល ប្រគេនដល់ព្រះសង្ឃចំនួន ២៦អង្គ ក្នុងមួយអង្គៗបច្ច័យ១៥ម៉ឺនរៀល ព្រះចៅអធិការវត្តឈើទាលទងត្រា បច្ច័យសម្រាប់ព្រះអង្គផ្ទាល់ ២៥ម៉ឺនរៀល បច្ច័យកសាង ៩០ម៉ឺនរៀល បច្ច័យសម្រាប់កសាងបន្ថែម ដល់វត្តធន់មន់ វត្តបារាយណ៍ និងវត្តអង្គត្នោត ដោយក្នុងមួយវត្តៗ បច្ច័យ ៥០០ដុល្លារ តាអាចារ្យ ១៥នាក់ម្នាក់ៗ ថវិកា២ម៉ឺនរៀល ពុទ្ធបរិស័ទចូលរួមម្នាក់ៗ១ម៉ឺនរៀល ព្រមទាំងកងកម្លាំងទាំង៣ប្រភេទ ក្នងមួយអង្គភាព២០ម៉ឺនរៀលផងដែរ៕