(កំពង់ស្ពឺ)៖ ក្រុមកម្មករមានគ្នាជិត ១០០នាក់ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំគ្នាទៅតវ៉ានៅមុខការដ្ឋាន បុរី CHENG CHING II នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិបុស្សតានៃ ឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីទាមទារឲ្យថៅកែចិនតៃវ៉ាន់បើកប្រាក់ខែឲ្យពួកគាត់។

លោកស្រី សុខ ចន្នី ជាតំណាងកម្មករ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា មូលហេតុដែលកម្មករនាំគ្នាមកតវ៉ានៅមុខ បុរី CHENG CHING II ព្រោះតែថៅកែបុរី បានបញ្ឈប់ពួកគាត់ ដោយមិនមានមូលហេតុ និងមិនបើកប្រាក់ឈ្នួលឲ្យពួកគាត់។

លោកស្រីបន្ថែមថា លោកស្រី បានទទួលការងារសាងសង់សំណង់ផ្ទះល្វែងរបស់ក្រុមហ៊ុន បុរី CHENG CHING II កាលពីអំឡុងដើមឆ្នាំ២០១៨ ដោយមានកម្មករជិត ១០០នាក់ ស្រាប់តែប៉ុន្មានខែមុននេះ ថៅកែជនជាតិចិនតៃវ៉ាន់ឈ្មោះ ហ័ង គួយអ៊ី និងឈ្មោះ តៃ ឆាងអ័រ បានដេញកម្មករទាំងអស់ចេញពីការដ្ឋាន ដោយមិនបើកប្រាក់ខែឲ្យ និងមិនដោះស្រាយជាមួយកម្មករ ទើបកម្មករអស់ជម្រើសមានតែលើកគ្នាមកតវ៉ាតែម្តងទៅ។

លោកស្រី សុខ ចន្នី បានឲ្យដឹងទៀតថា លុយដែលក្រុមហ៊ុន បុរី CHENG CHING II ជំពាក់ពួកគាត់ប្រហែលជាជិត ៨០ម៉ឺនដុល្លារ។ មកដល់ពេលនេះ ថៅកែចិនឈ្មោះ ហ័ង គួយអ៊ី និងឈ្មោះ តៃ ឆាងអ័រ មិនអនុញ្ញាតឲ្យពួកគាត់ចូលជួបដើម្បីដោះស្រាយនោះទេ ថែមទាំងដកហូតសម្ភារ និងគ្រឿងចក្រសម្រាប់ធ្វើសំណង់របស់ពួកគាត់ទាំងអស់។

ពាក់ព័ន្ធករណីនេះ ភ្នាក់ងារព័ត៌មាន Fresh News បានព្យាយាមសុំការបញ្ជាក់ពីថៅកែ បុរី CHENG CHING II ឈ្មោះ ហ័ង គួយអ៊ី និងឈ្មោះ តៃ ឆាងអ័រ តែដោយសារលេខទូរស័ព្ទលើផ្ទាំងប៉ាណូរបស់ក្រុមហ៊ុន ហៅចូលហើយគ្មានអ្នកទទួល។

ដោយឡែកមន្ត្រីអាជ្ញាធរឃុំការហែង និងនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលបានចូលរួមសង្កេតនៅពេលកម្មករលើកគ្នាទៅតវ៉ា បានប្រាប់ថា ពួកគាត់អត់ដែលស្គាល់មុខ ថៅកែក្រុមហ៊ុនបុរីទេ។ ពួកគាត់ដឹងត្រឹមថា បុរីនេះមានច្បាប់ ព្រោះថៅកែចិនសុំពីថ្នាក់លើ ដោយមិនបានទាក់ទងខាងអាជ្ញាធរមូលដ្ឋានទេ។ ចំពោះបញ្ហារបស់កម្មករ ពួកគាត់ណែនាំឲ្យបងប្អូនកម្មករ ទៅដាក់ពាក្យប្តឹងនៅស្ថាប័នពាក់ព័ន្ធដើម្បីជួយដោះស្រាយ៕