(ភ្នំពេញ)៖ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានហៅការអនុម័សេចក្តីស្នើច្បាប់មួយ ដែលគេហៅថា ប្រជាធិបតេយ្យកម្ពុជារបស់សភាអាមេរិកនោះ គ្រាន់តែជាខ្មោចលងតែប៉ុណ្ណោះ វាមិនប៉ះពាល់អ្វីមកដល់កម្ពុជាឡើយ។

ប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ឈាង វុន បានបញ្ជាក់ថា «មនុស្សល្អដើរទៅមុខ គ្មានអ្វីជាឧបសគ្គទេ បើទោះនៅតាមផ្លូវមានខ្មោចលងក៏ដោយ»។

អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា បានអះអាងបន្ថែមថា ប្រជាធិបតេយ្យនៅកម្ពុជា គឺសម្រាប់ប្រជាជនកម្ពុជា ប្រជាជនកម្ពុជារស់នៅក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍស្រាប់ទៅហើយ។ ដូច្នេះកម្ពុជាគ្មានត្រូវការធ្វើអ្វី ដើម្បីបំពេញចិត្តតំណាងរាស្រ្តអាមេរិក មួយក្រុមតូចនោះឡើយ។ ការសម្រេចនេះគ្មានប្រយោជន៍ និងមិនបម្រើផលប្រយោជន៍របស់កម្ពុជាឡើយ។

សូមបញ្ជាក់ថា ប្រតិកម្មរបស់លោក ឈាង វុន បានធ្វើឡើងបន្ទាប់ពីសភាតំណាងរាស្ត្ររបស់អាមេរិកនៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩ បានអនុម័តច្បាប់មួយស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (Cambodia Democracy Act) ឬ H.R. 526។ ច្បាប់ដែលស្នើឡើងដោយលោក ថេត យូហូ អ្នកតំណាងរាស្ត្រ ប្រចាំរដ្ឋ Florida នៃគណបក្សសាធារណរដ្ឋ ត្រូវបានពួកគេអះអាងថា ធ្វើឡើងក្នុងគោលដៅជំរុញឱ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ គោរពសិទ្ធិ សេរីភាព នយោបាយ និងសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា។ ពួកគេអះអាងទៀតថា ច្បាប់នេះក៏មានគោលដៅដាក់ទណ្ឌកម្ម សេដ្ឋកិច្ច និងទិដ្ឋាការលើមន្ត្រី កម្ពុជាណា ដែលពួកគេចោទថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។

បើទោះបីច្បាប់នេះត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រយ៉ាងណាក្តី តែគេត្រូវរង់ចាំការសម្រេចពីសភាជាន់ខ្ពស់មួយដំណាក់កាលទៀត មុននឹងបញ្ជូនទៅឱ្យប្រធានាធិបតីអនុវត្តន៍៕