(ត្បូងឃ្មុំ)៖ លោកសាស្រ្តាចារ្យ ឃីន ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា កូនក្ដៅខ្លួនលើស ២ថ្ងៃ ត្រូវប្រញាប់បញ្ជូនមកមន្ទីរពេទ្យ អាចចៀសផុតពីគ្រោះថ្នាក់ដល់ជីវិត ដោយសារជំងឺគ្រុនឈាម។

លោកសាស្រ្តាចារ្យ ឃីន ស៊ុនណារ៉ា ថ្លែងបែបនេះ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងថែទាំ និងព្យាបាលជំងឺគ្រុនឈាម នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។

ប្រធានមន្ទីរសុខាភិបាលខេត្ត ថ្លែងបញ្ជាក់ថា៖ «កូនក្ដៅខ្លួនលើស២ថ្ងៃ ប្រញាប់បញ្ជូនមកមន្ទីរពេទ្យ អាចចៀសផុតពីគ្រោះថ្នាក់ដល់ជីវិត ដោយជំងឺគ្រុនឈាម។ ប៉ុន្តែហាមដាច់ខាត ពេលកូនក្ដៅខ្លួនលើសពី២ថ្ងៃ ទៅទិញថ្នាំនៅតាមឱសថស្ថាន ឬទៅគ្លីនិកឯកជនណា ដែលគ្មានជំនាញព្យាបាលជំងឺគ្រុនឈាមឱ្យសោះ»។

លោកសាស្រ្តាចារ្យ ឃីន ស៊ុនណារ៉ា បានផ្ដាំផ្ញើដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាអប់រំដល់ពលរដ្ឋថា គ្មានជម្រកមូសខ្លា គ្មានមូសខ្លា គ្មានមូសខ្លា គ្មានការចំលងជំងឺគ្រុនឈាម។ លោកបន្តថា «យើងត្រូវរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម»៕