(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកការអនុម័តច្បាប់ស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សមាជិកសភាអាមេរិក គឺជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងសោកស្តាយ។ លោក ផៃ ស៊ីផាន បានចាត់ទុកការសម្រេចនេះជាទង្វើប្រឆាំងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់កម្ពុជា។

ច្បាប់ស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ ត្រូវបានសភាតំណាងរាស្ត្រ សហរដ្ឋអាមេរិកអនុម័តជាឯកច្ឆ័ន្ទ នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។ ច្បាប់នេះត្រូវពួកគេធ្វើឡើងក្នុងគោលបំណងដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា និងស្តារលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីពួកគេលើហេតុផលថា ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមានការធ្លាក់ចុះ។

សម្រាប់លោក ផៃ ស៊ីផាន ច្បាប់ដែលសភាតំណាងរាស្ត្រអាមេរិករៀបចំឡើងនេះ មានចរិតនយោបាយ និងគោលបំណងប្រឆាំងទៅនឹងសុច្ឆន្ទៈនយោបាយរបស់ ប្រជាជនកម្ពុជា ដែលបានជ្រើសរើសមេដឹកនាំខ្លួនតាមផ្លូវច្បាប់ តាមរយៈដំណើរការបោះឆ្នោតប្រកបដោយសន្តិភាព និងប្រជាធិបតេយ្យ។

ក្នុងប្រតិកម្មធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមិនអាចទទួលយកការសម្រេចនេះ បាននោះឡើយ។ លោក ផៃ ស៊ីផាន បញ្ជាកដូច្នេះថា «ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនអាចទទួលយកបានទេ ដោយសារតែសេចក្តីស្នើច្បាប់នេះ បានធ្វើឡើងផ្អែកទៅលើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់បង្ហាញតែមហិច្ឆិតានយោបាយជាប្រវត្តិប្រឆាំង នឹងរដ្ឋាភិបាលកម្ពុជាតែបុណ្ណោះ។ សេចក្តីស្នើច្បាប់នេះជាទង្វើប្រឆាំងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ព្រះរាជាណាចក្រកម្ពុជា»។

ជាមួយការប្រតិកម្មលោក ផៃ ស៊ីផាន ក៏បានអំពាវនាវទៅដល់ស្ថាប័ននីតិបញ្ញត្តិ និងរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យធ្វើការពិចារណាឡើងវិញ នូវជំហររបស់ពួកគេសម្រាប់ប្រទេសកម្ពុជា ដើម្បីជាផលប្រយោជន៍នៃការថែរក្សាទំនាក់ទំនងល្អនិងគ្នា ក៏ដូចជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

លោក ផៃ ស៊ីផាន បានរំពឹងទុកថា ព្រឹទ្ធសភាអាមេរិក ក៏ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាអំណាចនីតិប្រតិបត្តិច្បាស់ជាយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលប្រជាជាតិទាំងពីររបស់យើងបាននឹងកំពុងតែខិតខំប្រឹងប្រែង ដើម្បីបន្តរក្សាផលប្រយោជន៍រួមគ្នាជាដាច់ខាត។

សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា (Cambodia Democracy Act) ឬ H.R. 526 ត្រូវបានស្នើឡើងដោយលោក ថេត យូហូ អ្នកតំណាងរាស្ត្រ ប្រចាំរដ្ឋ Florida នៃគណបក្សសាធារណរដ្ឋ កាលពីខែមករា ឆ្នាំ២០១៩កន្លងទៅនេះ។ ច្បាប់នេះពួកគេធ្វើឡើងក្នុងគោលដៅជំរុញឱ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ គោរពសិទ្ធិ សេរីភាព នយោបាយ និងសិទ្ធិមនុស្ស នៅប្រទេសកម្ពុជាជាដើម។ ច្បាប់នេះក៏មានគោលដៅដាក់ទណ្ឌកម្ម សេដ្ឋកិច្ច និងទិដ្ឋាការលើមន្ត្រី កម្ពុជាណា ដែលពួកគេចោទថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សជាដើមនោះ។

បើទោះបីច្បាប់នេះត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រយ៉ាងណាក្តី តែគេត្រូវរង់ចាំការសម្រេចពីសភាជាន់ខ្ពស់មួយដំណាក់កាលទៀត មុននឹងបញ្ជូនទៅឱ្យប្រធានាធិបតីអនុវត្តន៍៕