(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋ កុំមានការភ័យខ្លាចពីការឆ្លងជំងឺបេស្តជ្រូកអាហ្វ្រិច តាមរយៈការបរិភោគប្រចាំថ្ងៃ ព្រោះមកទល់ពេលនេះ តាមការបញ្ជាក់ពីជំនាញវិទ្យាសាស្ត្រ មិនទាន់រកឃើញសញ្ញាណាមួយបញ្ជាក់ថា ជំងឺបេស្តជ្រូកនេះ ឆ្លងពីជ្រូកទៅមនុស្សតាមរយៈការបរិភោគនោះទេ ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋ ក៏ត្រូវមានការប្រុងប្រយ័ត្នជៀសវាងកុំបរិភោកសាច់សត្វ ដែលងាប់ដោយសារជំងឺឱ្យសោះ។

លោក ពឹង ទ្រីដា បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ នៃការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ចុះផ្សព្វផ្សាយពីជំងឺបេស្តជ្រូកអាហ្វ្រិច ជូនដល់ប្រជាកសិករ ដែលចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ និងចុះបាញ់ថ្នាំសម្លាប់មេរោគ តាមទ្រុងចិញ្ចឹមជ្រូករបស់ប្រជាកសិករ រស់នៅក្នុងភូមិភារៈកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោក ពឹង ទ្រីដា បានថ្លែងបន្ថែមថា ដើម្បីការពារនៅជំងឺបេស្តជ្រូកអាហ្វ្រិច ក៏ដូចជាជំងឺផ្សេងៗទៀត ដែលតែងតែកើតមានឡើងនៅលើសត្វជ្រូក មន្ត្រីជំនាញនៃការិយាលយ័ផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត តែងតែដឹកនាំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ តាមទ្រុងចិញ្ចឹមជ្រូករបស់ប្រជាកសិករ និងផ្សព្វផ្សាយពីជំងឺបេស្តជ្រូកអាហ្វិក និងវិធានការការពារ ការចម្លង ព្រមទាំងបានចែកថ្នាំសម្លាប់មេរោគ សម្រាប់គាត់ប្រើប្រាស់ពេលក្រោយៗទៀត។

លោក ពឹង ទ្រីដា បានគូសបញ្ជាក់ទៀតថា ការងារបន្តបន្ទាប់ដែលមន្ត្រីជំនាញការិយាលយ័បសុព្យាលត្រូវធ្វើបន្តទៀតនោះ គឺចុះធ្វើជីវសុវត្ថិភាពតាមទីសត្តឃាតដ្ឋាន ចុះពង្រឹងតាមទីសត្តឃាតដ្ឋាន ពិនិត្យជ្រូកដែលនាំចូល ពិនិត្យឱ្យច្បាស់លាស់ ថាមានប្រភពមិនមានជំងឺ១០០% ក៏ដូចជាធ្វើអនាម័យតាមទីសត្តឃាតដ្ឋាន ដើម្បីការពារជំងឺបេស្តជ្រូកផងដែរ។

លោកបញ្ជាក់ទៀតថា បើគិតមកដល់ពេលនេះ ក្នុងខេត្តព្រះវិហារ នៅមិនទាន់ឃើញមានរោគសញ្ញាណាមួយកើតឡើង ក្នុងសត្វឃាតដ្ឋាន ឬកសិដ្ឋានចិញ្ចឹមជ្រូកណាមួយឡើយ ក្រៅពីចរាចរណ៍លក់សាច់សត្វជ្រូកចិញ្ចឹមក្នុងស្រុក និងជ្រូករបស់ក្រុមហ៊ុននោះទេ។ ហើយវិធានការ ក្នុងការបង្ការការពារ ដើម្បីកុំឲ្យឆ្លងនៃជំងឺនេះមកសត្វជ្រូក ដែលមិនទាន់មានផ្ទុះនោះគឺ ត្រូវឧស្សាហ៍ធ្វើអនាម័យសម្អាតក្នុងទ្រុងចិញ្ចឹមទាំងជីវសុវត្ថិភាព ការចេញចូលត្រូវហ្មត់ចត់ មានការផ្លាស់ប្តូរសម្លៀកបំពាក់ ត្រូវដាក់ថ្នាំសម្លាប់មេរោគជាប្រចាំ៕