(ពោធិ៍សាត់)៖ នាថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់ការចុះត្រួតពិនិត្យ តំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រឃុំអូរសោម ស្រុកវាលវែងរួចមក, លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងគណៈប្រតិភូអមដំណើរ បានបន្តជួបសំណេះសំណាល ជាមួយមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ដែលឈរជើងនៅតាមតំបន់គោលដៅនីមួយៗ។

ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឆន្ទះលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា របស់មន្ត្រីឧទ្យានុរក្សទាំងអស់ ក្នុងការការពារធនធានធម្មជាតិ នៅតំបន់ការពាររបស់ខ្លួន សម្រាប់បុព្វហេតុបរិស្ថាន។ លោកបានបន្តថា វិសាលភាពនៃទំហំកិច្ចការងាររបស់មន្ត្រីឧទ្យានុរក្សរបស់យើង ពិតជាធំធេងណាស់ ដូច្នេះត្រូវមានកិច្ចសហប្រតិបត្តិការល្អ នៅគ្រប់ភាគីពាក់ព័ន្ធ និងចូលរួមអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ដើម្បីគាំពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិវឌ្ឍន៍ជីវៈចម្រុះ សំដៅការរស់នៅដោយចេរភាព។

ដោយមើលឃើញពីការលំបាក និងតម្រូវការជាក់ស្តែង លើជីវភាពរស់នៅប្រចាំថ្ងៃ របស់មន្ត្រីឧទ្យានុរក្សទាំង៦៩នាក់ ដែលឈរជើងនៅទិសដៅទាំង២១កន្លែង, លោក ម៉ៅ ធនិន ក៏បានផ្តល់ជូនសម្ភារៈចូលរួមបន្ថែម ពីលើរបបប្រចាំខែដែលមានស្រាប់ ក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម និងប្រហុក៣គីឡូក្រាម ព្រមទាំងឧបត្ថម្ភជូនយន្តហោះ ប្រភេទDrone ចំនួន៥គ្រឿង ដើម្បីជម្រុញដល់លក្ខណៈបច្ចេកទេស ក្នុងកិច្ចគាំពារធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព។

ក្នុងថ្ងៃដដែលនោះ លោកបានបន្តដំណើរចុះពិនិត្យ ទឹកធ្លាក់ធម្មជាតិអូររកា ដែលមានចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីអនុស្ថានីយ៍វ៉ារីអគ្គិសនីអាតៃ ស្ថិតក្នុងភូមិស្ទឹងតាចាន់ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕