(ភ្នំពេញ)៖ លោកគ្រូ ឡយ វីរៈ ជាគ្រូបង្រៀនកម្ពុជា ដ៏ឆ្នើមមួយរូប ត្រូវបានមូលនិធិពានរង្វាន់ សម្តេចចៅហ្វា ម៉ាក់ហាចាក់គ្រី នៃប្រទេសថៃ ជ្រើសរើសផ្ដល់ពាន់រង្វាន់១ម៉ឺនដុល្លារ ដែលជាគ្រូនាំមកនូវការផ្លាស់ប្តូរ ដល់ជីវិតសិស្សានុសិស្ស នៅក្នុងប្រទេសកម្ពុជា។

ក្នុងពិធីផ្លាស់ប្តូរបទពិសោធន៍ការងារ របស់គ្រូពានរង្វាន់ចៅហ្វា ម៉ាក់ហាចាក់គ្រី នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅស្ថានទូតថៃប្រចាំកម្ពុជា គណៈកម្មាធិការមូលនិធិ នៃពានរង្វាន់នេះ បានថ្លែងថា ពានរង្វាន់នេះ គឺជាពានរង្វាន់លំដាប់អន្តរជាតិ ដើម្បីលើកតម្កើង កិត្តិយសដល់គ្រូឆ្នើម នៅកម្រិតសិក្សាថ្នាក់មូលដ្ឋាន នៃបណ្តាប្រទេសនានា នៅក្នុងអាស៊ាន និងទីម័រលេស ចំនួន១១ប្រទេស។

គណៈកម្មាធិការដដែលរូបនេះ បានបន្ថែមទៀតថា ការជ្រើសរើសធ្វើឡើង ដោយប្រកាន់តាមគោលការណ៍ គុណភាពនៃការអប់រំ ស្ថិតនៅលើគុណភាពគ្រូបង្រៀន គុណភាពគ្រូបង្រៀនមានឥទ្ធិពល ចំពោះការស្ថាបនា ធនធានមនុស្ស ដែលប្រកបដោយគុណភាព។

«ព្រោះថា ពាន់រង្វាន់នេះ ក៏ដើម្បីលើកស្ទួយព្រះកិត្តិនាម របស់សម្តេចព្រះរាជកន្និដ្ឋា គឺព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន ដែលព្រះអង្គមានព្រះប្រាជ្ញាញ្ញាណ វៀងវៃ និងមានព្រះគុណូបការៈដ៏ធំធេង ក្នុងវិស័យអប់រំ ទាំងនៅក្នុង និងក្រៅប្រទេស»។ នេះជាការគូសបញ្ជាក់បន្ថែម របស់គណៈកម្មាធិការមូលនិធិ នៃពានរង្វាន់ចៅហ្វា ម៉ាក់ហាចាក់គ្រី។

មូលនិធិពានរង្វាន់ សម្ដេចចៅហ្វា ម៉ាក់ហាចាក់គ្រី មានការសហការរួមជាមួយ អគ្គលេខាធិការដ្ឋានក្រមប្រឹក្សាគ្រូ នៃក្រសួងអប់រំ មូលនិធិដើម្បីសមភាពនៃការអប់រំ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងអង្គភាពផ្សេងៗ ដែលពាក់ព័ន្ធនៃប្រទេសថៃ។ ពានរង្វាន់នេះ ត្រូវបានប្រកាសជាលើកដំបូង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ និងមានការចម្រាញ់ជ្រើសរើសរៀងរាល់២ឆ្នាំម្តង។

ការជ្រើសរើសគ្រូពានរង្វាន់សម្ដេច ចៅហ្វាម៉ាក់ហាចាក់គ្រី លើកទី៣ ឆ្នាំ២០១៩នេះ គ្រូដែលត្រូវបានព្រះរាជទានពានរង្វាន់ គឺបានមកពីការចម្រាញ់ជ្រើសរើស របស់ក្រសួងអប់រំ នៅក្នុងអាស៊ាន និងទីម័រលេស
ទាំង១១ប្រទេស គឺជាគ្រូដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ជាគ្រូដែលនាំមកនូវការផ្លាស់ប្តូរ ដល់ជីវិតសិស្សានុសិស្ស និងមានគុណូបការៈចំពោះវិស័យអប់រំ ចំនួន១នាក់ ក្នុងមួយប្រទេស។

បើតាមលោកគ្រូ ឡយ វីរៈ បានបញ្ជាក់ថា ការទទួលបានពានរង្វាន់ គ្រូបង្រៀនឆ្នើមនេះ គឺត្រូវបានសាលារៀន ធ្វើការវាយតម្លៃរហូតដល់ថ្នាក់ស្រុក មន្ទីរអប់រំខេត្ដ និងថ្នាក់ក្រសួងអប់រំ ចំពោះការបង្រៀនរបស់យើង ជាច្រើនដំណាក់កាល។

សូមបញ្ជាក់ថា លោកគ្រូ ឡយ វីរៈ គឺជាគ្រូបង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន រលាប្អៀ ក្នុងខេត្តកំពង់ឆ្នាំង។ កម្មវិធីប្រគល់រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ៕