(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei កម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ បានប្រារព្ធពិធីបើកកម្មវិធី «គ្រាប់ពូជដើម្បីអនាគត ឆ្នាំ២០១៩» ក្រោមប្រធានបទ «Digital Aspiration» ដែលបានធ្វើឡើង នៅមជ្ឈមណ្ឌល ផ្តល់បទពិសោធន៍ និងដំណោះស្រាយ ដល់អតិថិជន (CSIC) នៃក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក Li An ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា និងលោក Mark Wong នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei កម្ពុជា។

កម្មវិធី «គ្រាប់ពូជដើម្បីអនាគត» ត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន Huawei ក្នុងឆ្នាំ២០០៨ គឺជាសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ដ៏ពិសេសមួយ ដែលជាគម្រោងវិនិយោគរយៈពេលវែង និងធំបំផុតជាលក្ខណៈ សកលរបស់ក្រុមហ៊ុន ក្នុងគោលបំណងចូលរួមចំណែកនូវការអភិវឌ្ឍទេពកោសល្យក្នុងស្រុកផ្នែកបច្ចេកវិទ្យា លើកកម្ពស់ការផ្ទេរចំណេះដឹង និងការយល់ដឹង ក៏ដូចជាបណ្តុះចំណាប់អារម្មណ៍ របស់ទេពកោសល្យ វ័យក្មេងចំពោះបច្ចេកវិទ្យា ICT ។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៨គម្រោងនេះ ត្រូវបានដាក់អនុវត្តនៅលើប្រទេស និងតំបន់១២៥នៅជុំវិញពិភពលោក ហើយនិស្សិតចំនួន៤,៧២៥ នាក់ បានចូលក្នុងកម្មវិធីផងដែរ។

ដោយឡែកកម្មវិធី «គ្រាប់ពូជដើម្បីអនាគត» ត្រូវបានបង្កើតឡើងជាលើកដំបូង នៅប្រទេសកម្ពុជានាឆ្នាំ២០១៦ ហើយរហូតមកដល់ពេលនេះ និស្សិតឆ្នើមកម្ពុជាចំនួន៣០នាក់ បានសម្រេចក្តីសុបិន ដោយធ្វើដំណើរ ទៅកាន់សារណរដ្ឋប្រជាមានិតចិន ដើម្បីចូលក្នុងកម្មវិធីនេះ។

ដូចគ្នានេះដែរ នៅក្នុងឆ្នាំ២០១៩នេះ ក្រោមការជួយជ្រោមជ្រែងពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីបានធ្វើការប្រកាសជ្រើសរើស និស្សិតពីសកលវិទ្យាល័យ និងមហាវិទ្យាល័យជាច្រើន ហើយតាមរយៈនីតិវិធី និងការជម្រុះជាច្រើនជុំ និស្សិតឆ្នើម ១០រូប ពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ សាកលវិទ្យាល័យកម្ពុជា វិទ្យាស្ថានជាតិ NIPTICT និង សាកលវិទ្យាល័យអន្តរជាតិ PARAGON ត្រូវបានជ្រើសរើស ហើយនឹងត្រូវធ្វើដំណើរចាកចេញពី កម្ពុជានាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។

លោក Mark Wong នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei កម្ពុជា បានថ្លែងថា «ក្នុងនាមជាអ្នកនាំមុខ ខាងផ្នែកបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ក្រុមហ៊ុន Huawei បានប្តេជ្ញាចិត្ត ជួយអភិវឌ្ឍវិស័យឧស្សាហកម្ម បច្ចេកវិទ្យា ICT ដើម្បីរួមចំណែកក្នុងការជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេស។ ការអប់រំគឺជាគន្លឹះដ៏សំខាន់ ក្នុងការបង្កើតឲ្យមានឱកាស ក្នុងការលើកកម្ពស់ ការអភិវឌ្ឍប្រកប ដោយនិរន្តភាព និងតម្លាភាពនៃ បណ្តាប្រទេសនានា

លោកបន្ដថា «ដូច្នេះសកម្មភាព CSR របស់ Huawei នេះ គឺជាសកម្មភាពដ៏សំខាន់បំផុត ក្នុងការជួយជ្រោមជ្រែងវិស័យអប់រំ បណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង ដល់ធនធានក្នុងស្រុក នៃបណ្តាប្រទេសនានា ដែលយើងកំពុងធ្វើប្រតិបត្តិការធុរកិច្ច។ សូមថ្លែងអំណរគុណ ដល់ក្រសួងអប់រំ យុវជន និងកីឡា នៃ កម្ពុជា ដែលបានជួយជ្រោមជ្រែង ដើម្បីស្វែងរកគ្រាប់ពូជនៃបច្ចេកវិទ្យាសម្រាប់ក្រុមហ៊ុន Huawei ក៏ដូចជាប្រទេសកម្ពុជា»។

លោក Li An ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា ក៏បានថ្លែងថា «យើងមានសេចក្តីរីករាយដោយឃើញថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តបង្កើនការវិនិយោគរបស់ខ្លួនក្នុង វិស័យអប់រំ ហើយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ខ្ញុំជឿជាក់ថា អនាគតនៃវិស័យអប់រំនៅកម្ពុជា នឹងកាន់តែប្រសើរឡើង»។

លោកក៏បានបញ្ជាក់ផងដែរថា កម្មវិធី «គ្រាប់ពូជដើម្បីអនាគត» របស់ក្រុមហ៊ុន Huawei គឺជាកម្មវិធីសុខុមាលភាពសាធារណៈមួយ ដែលបានជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍទេពកោសល្យ ICT វ័យក្មេង ហើយសក្តានុពល នៃកម្មវីធីកំពុងតែរីកដុះដាលជារៀងរាល់ឆ្នាំ។ ឆ្នាំនេះ គឺជាឆ្នាំទី៤ ហើយនិស្សិតឆ្នើម១០នាក់ ដែលបានជ្រើសរើសនឹងក្លាយជាគ្រាប់ពូជតំណាងប្រទេសចូលរួមក្នុងកម្មវិធីនេះ។

លោកថា «ក្នុងឱកាសនៃការធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ដើម្បីមើលឃើញពិភពលោក និងកសាងមិត្តភាពថ្មី គឺជាគុណតម្លៃដ៏ពិសេសមួយនៃកម្មវិធីដូចពាក្យបុរាណចិនមួយបានពោលថា «ការអានសៀវភៅ១ម៉ឺនក្បាល គឺដូចជាការធ្វើដំណើររាប់ម៉ឺនម៉ាយ និងការបង្កើតមិត្តភក្តិមកពីគ្រប់ទិសទីជុំពិភពលោក»។

លោក Li ក៏សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកម្មវិធីនេះ និស្សិតកម្ពុជា នឹងទទួលបានសមិទ្ធផលជាផ្លែផ្កាសម្រាប់អនាគត ហើយវាក៏នឹងក្លាយជាសារមិត្តភាពដ៏សំខាន់នៃប្រជាជនចិន និងប្រជាជនកម្ពុជាផងដែរ។

លោកស្រី គឹម សេដ្ឋានី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសកិច្ចខិតខំប្រឹងប្រែង កិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រទាំងធនធានថវិកា ទាំងសម្ភារបច្ចេកទេសពីសំណាក់ក្រុមហ៊ុន Huawei ហើយ Huawei មិនដែលបានបំភ្លេចចោលនូវការងារទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួនសោះឡើយ ដោយក្រុមហ៊ុនតែងតែបានយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្ម ក្នុងការជួយបណ្តុះបណ្តាលទេពកោសល្យផ្នែកបច្ចេកវិទ្យា ICT នៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជាកម្មវិធី «គ្រាប់ពូជដើម្បីអនាគត» នេះជាដើម។

លោកស្រី បានបញ្ជាក់ថា «ដើម្បីដើរឲ្យទាន់បដិវត្តន៍ឧស្សាហកម្ម 4.0 របស់សកលលោក ជាពិសេសការរីកចម្រើនឥតឈប់ឈរ និងឆាប់រហ័សនៃ ICT និងការសម្រេចឲ្យបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍នាឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកជាខ្លាំង ចំពោះការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ឲ្យមានចំណេះដឹងផ្នែក ICT (E-people) ដោយប្រែក្លាយកម្ពុជាទៅជារាជរដ្ឋាភិបាលអេឡិចត្រូនិក (E-government) តាមរយៈកិច្ចសហការជាមួយភាគីពាក់ព័ន្ធជាច្រើន ដែលបាននឹងកំពុងធ្វើការងារក្នុងវិស័យនេះ។ តែអ្វីដែលសំខាន់នោះ មុននឹងយើងសម្រេចបាននូវ E-Government ទាល់តែយើងមាន E-people យើងជឿជាក់ថា ខ្មែរអាចធ្វើបាន»។

លោកស្រី រដ្ឋលេខាធិការក៏បានថ្លែងនូវការអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានផ្តាំផ្ញើដល់និស្សិតទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ខិតខំត្រង់ត្រាប់ក្នុងការសិក្សាបន្ថែម និងយកបទពិសោធន៍ ដែលទទួលបានពីកម្មវិធីនេះ ដើម្បីក្លាយជាធនធានដ៏ល្អ ធនធានដែលមានសក្តានុពល មានចំណេះជំនាញច្បាស់លាស់ពិតប្រាកដពាក់ព័ន្ធនឹងឌីជីថល ក្នុងការចូលរួមអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យកម្ពុជា សម្រេចបាននូវគោលដៅរបស់ខ្លួន ពោលគឺការពឹងផ្អែកលើសេដ្ឋកិច្ចឌីជីថល (Digital Economy) នាពេលអនាគត។

គួរំលឹកផងដែរថា ក្រុមហ៊ុន Huawei គឺក្រុមហ៊ុនផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ ICT និងឧបករណ៍ឆ្លាតវៃឈានមុខគេលើពិភពលោក បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិក១៨៨,០០០ នាក់ នៅទូទាំងពិភពលោក ហើយកំពុង ប្រតិបត្ដិការធុរកិច្ចនៅក្នុងប្រទេស និងតំបន់ជាង១៧០ បម្រើប្រជាជនទូទាំងពិភពលោកជាង៣០លាននាក់។ ក្រុមហ៊ុន Huawei បានមកធ្វើប្រតិបត្ដិការធុរកិច្ចនៅកម្ពុជា ក្នុងឆ្នាំ១៩៩៩ ហើយឆ្នាំនេះ ជាខួបលើកទី២០ ក្រុមហ៊ុន Huawei ប្រទេសកម្ពុជាផងដែរ៕